(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានឧបត្ថម្ភគ្រែចំនួន១០០គ្រែ និងលោក ហ៊ុន ម៉ានិត ដែលបានឧបត្ថម្ភគ្រែចំនួន១៥០គ្រែ ដល់រដ្ឋបាលខេត្ត ដើម្បីរៀបចំប្រើប្រាស់សម្រាប់អ្នកជំងឺកូវីដ១៩ ព្យាបាលក្នុងមន្ទីរពេទ្យមេគង្គកំពង់ចាម។
សូមបញ្ជាក់ថា មន្ទីពេទ្យមេគង្គកំពង់ចាម បានដំណើរការជួសជុលប្រមាណ៩៥ភាគរយហើយ គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។ ដោយមើលឃើញថា នៅខេត្តកំពង់ចាម ក៏កំពុងប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩នោះ លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានិត បានឧបត្ថម្ភគ្រែចំនួន២៥០គ្រែ ដល់រដ្ឋបាលខេត្ត ដើម្បីរៀបចំប្រើប្រាស់សម្រាប់អ្នកជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យមេគង្គកំពង់ចាម។
នាយករដ្ឋបាលសាលាខេត្តកំពង់ចាម លោក ឃន ប្រុស បានឱ្យដឹងថា «មន្ទីពេទ្យមេគង្គកំពង់ចាម មកដល់ពេលនេះ ជួសជុលបាន ៩៥% ហើយ នឹងអាចបញ្ចប់នៅត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ លោក ហ៊ុន ម៉ាណែត បានឧបត្ថម្ភគ្រែចំនួន១០០ និងលោក ហ៊ុន ម៉ានិត បានជួយឧបត្ថម្ភគ្រែចំនួន១៥០ រៀបចំសម្រាប់អ្នកជម្ងឺក្នុងមន្ទីពេទ្យមេគង្គកំពង់ចាម»។
នាយករដ្ឋបាលសាលាខេត្ត បានបញ្ជាក់ថា មន្ទីរពេទ្យនេះ ជួសជុលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ មាន៧០បន្ទប់ និងអាចដាក់ព្យាបាលអ្នកជំងឺបានរហូតដល់ទៅប្រមាណជាជាង២០០នាក់ សម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ នៅខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ៕