(បន្ទាយមានជ័យ)៖ អង្ករចំនួន៣៩តោន និងគ្រឿងឧបភោគបរិភោគជាអំណោយរបស់អង្គការគ្រួសារកុមារអភិវឌ្ឍន៍ (FRA តៃវ៉ាន់) ត្រូវបានប្រគល់ជូនវត្តចំនួន ២៥២វត្ត នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ចែងតាមតម្រូវការ ក្នុងវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ការនាំយកអំណោយប្រគេនជូនព្រះសង្ឃទាំង ២៥២វត្តនេះ មានការអញ្ជេីញចូលពីសំណាកព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ, លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត តំណាងអង្គការ គ្រួសារកុមារអភិវឌ្ឍន៍ (FRA តៃវ៉ាន់) ធ្វេីឡេីងនៅសាលា ពុទ្ធិកវិទ្យាល័យ ជា ស៊ីម វត្តចមសទ្ធាវាស ហៅវត្តស្វាយចាស់ ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ។
លោកស្រី យ៊ាំង អ៊ួយលីន នាយិកា អង្គការ គ្រួសារកុមារអភិវឌ្ឍន៍ (FRA តៃវ៉ាន់) បានថ្លែងតាមរយៈវីឌីអូអនឡាញថា លោកស្រីពិតជារីករាយដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងដោយមេីលឃេីញពីទុកលំបាក់របស់ព្រះសង្ឃ អង្គការ គ្រួសារកុមារអភិវឌ្ឍន៍ (FRA តៃវ៉ាន់) រួមនឹងសប្បុរសជននៅកោះតៃវ៉ាន់ បានកៀរគរថវិកា ក្នុងការជួយដល់ព្រះសង្ឃនៅកម្ពុជា ពិសេសនៅក្នុងខេត្តបន្ទាយមានជ័យតែម្តង ក្នុងដំណាកកាលឆ្លងរាលដាលជំងឺកូវីដ-១៩ ដេីម្បីបានដោះស្រាយប្រចាំថ្ងៃ។ តែលោកស្រី ក៏សោកស្តាយ ដែលបានមិនបានរួមដោយផ្ទាល់ ហេីយលោកស្រីក៏សន្យាថាអង្គការនឹងចូលរួមជាមួយរាជរដ្ឋាភិបាលបន្តទៀត។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឱ្យដឹងថា ការជួយឧបត្ថម្ភជាអង្ករ និងគ្រឿងឧបភោគបរិភោគ របស់អង្គការ គ្រួសារកុមារអភិវឌ្ឍន៍នេះ គឺជាលេីកទី២ហេីយ។ ដោយលេីកទី១ បានជួឧបត្ថម្ភអង្ករ១៧តោន ជូនវត្តចំនួន១៦៩វត្ត និងលេីកទី២នេះ បន្ថែម ៣៩តោនទៀត ជួយដល់វត្តចំនួន ២៥២វត្ត រួមនឹងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។
នាឱកាសនោះលោក អ៊ុ រាត្រី ក៏បានលេីកឡេីងថា ក្នុងនាមថ្នាក់ដឹកនាំខេត្តពិតជាអរគុណយ៉ាងខ្លាំងដល់អង្គការគ្រួសារកុមារអភិវឌ្ឍន៍ (FRA តៃវ៉ាន់) ដែលបានជួយឧបត្ថម្ភជាអង្ករ និងគ្រឿងឧបភោគបរិភោគដល់ព្រះសង្ឃដែលកំពុងជួបភាពខ្វះខាត ដោយជំងឺរាតត្បាតសកលកូវីដ-១៩ នៅក្នុងខេត្តបន្ទាយមានជ័យ។
ក្រោយពីមានការផ្ទុះរាតត្បាតជំងឺកូវីដ-១៩ លោកអភិបាលខេត្ត ក៏បានបន្តណែនាំបន្ថែមដល់គ្រប់វត្តអារាមទាំងអស់ សូមបន្តចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ហេីយក្នុងនោះការជួបជុំតាមបែបសាសនា ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដេីម្បីជាវិធានការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍។
លោក អ៊ុ រាត្រី បានបន្តថា ក្នុងដំណាកកាលនេះសូមគ្រប់វត្ត ត្រូវមានការរៀបចំឲ្យមានឧបករណ៍សម្រាប់វាស់កម្តៅ ទឹកអាល់កុល ឬចែលសម្លាបមេរោគ ត្រូវរៀបចំកន្លែងទទួលចង្ហាន់។ ដោយឡែកនៅពេលប្រជាពលរដ្ឋយកចង្ហាន់ប្រគេនព្រះសង្ឃមិនថាតែថ្ងៃសីលឡេីយ។ មួយវិញទៀតនៅពេលបងប្អូនពុទ្ធបរិស័ទ ដែលបានយកចង្ហានមកប្រគេនព្រះសង្ឃ គឺត្រូវតែពាក់ម៉ាស ឆ្លងកាត់ការវាស់កម្តៅជាមុនសិនទេីបអាចអនុញ្ញាតឱ្យចូលទីវត្តហេីយពេលប្រគេនចង្ហាន់រួចមិនអនុញ្ញាតឱ្យមានការជជែកពិភាក្សាគ្នាប្រមូលផ្តុំមនុស្សម្នាច្រេីនឡេីយ។ ដូច្នេះ សូមគ្រប់វត្តទាំងអស់ បន្តចូលរួមផ្សព្វផ្សាយវិធានការទាំងនេះដល់ពុទ្ធបរិស័ទចូលរួមបន្តអនុវត្តឱ្យបានផុសផុល រួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
សូមបញ្ជាក់ផងដែរថា ការនាំយកអង្ករ និងគ្រឿងឧបភោគបរិភោគ ជូនដល់ចំនួន ២៥២វត្តនេះ ដោយក្នុងមួយវត្តទទួលបានអង្ករ ៤ការុង ស្មេីនឹង២០០គីឡូក្រាម, ត្រីខ១កេសធំ ស្មេីរនឹង១០០កំប៉ុង និងមីចំនួន៤កេស៕