(ស្វាយរៀង)៖ លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងស្វាយរៀង បានណែនាំដល់អាជ្ញាធរឱ្យយកចិត្តទុកដាក់គិតគូរ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលជំងឺកូវីដ-១៩ រាលដាលនៅក្នុងសហគមន៍ ជាពិសេសត្រូវមើលប្រជាពលរដ្ឋណាដែលខ្វះខាតពិតប្រាកដត្រូវផ្ដល់ជំនួយឱ្យទាន់ពេលវេលា គឺមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយមិនដឹងនោះឡើយ។
ការណែនាំបែបនេះ របស់លោក ជុក មុន្នី បានធ្វើឡើងនៅក្នុងឱកាសលោកដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន១៦ គ្រួសារ ដែលមានជីវភាពខ្វះខាតខ្លាំង ស្ថិតនៅក្នុងសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១
ដោយមានការចូលរួមពីលោកប្រធានក្រុមការងារចុះជួយសង្កាត់ និងលោក រៀម ស៊ីណា អនុប្រធានក្រុមការងារចុះជួយសង្កាត់ចេក និងលោកអភិបាល អភិបាលរងក្រុងស្វាយរៀង ក្រុមការងារចុះជួយសង្កាត់ ព្រមទាំងលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិជាច្រើនរូបផងដែរដែរ។
ក្នុងឱកាសនោះ លោក ជុក មុន្នី បានបន្តថា ក្នុងគ្រាដែលប្រទេសកម្ពុជា កំពុងរាលដាលដោយជំងឺកូវីដ១៩ ប្រមុខដឹកនាំរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបានគិតគូរអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតនៅក្នុងកំឡុងពេលជំងឺកូវីដ រាលដាលក្នុង សហគមន៍ ២០កុម្ភៈ នឹងផ្ដល់ប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់ដល់គ្រួសារក្រីក្រផងដែរ។
លោក បានបន្ថែថា ទោះបីខេត្តស្វាយរៀង រយៈពេលប៉ុន្មានថ្ងៃនេះពុំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីក៏ដោយប៉ុន្តែយើងមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែបន្តគោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល និងអាជ្ញាធរដែនដីក្នុងការចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យបានខ្លាំងក្លាបន្តទៀត ត្រូវអប់រំពលរដ្ឋឱ្យពាក់ម៉ាស នៅគម្លាតគ្នា ព្រមទាំងធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល និងរួមគ្នាកាត់ផ្ដាច់ ឬសគល់នៃការចម្លងជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។
លោក ជុក មុន្នី បានជំរុញឱ្យអាជ្ញាធរសង្កាត់ត្រូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋដែលចំណាកស្រុក ឬវិលត្រឡប់ពីរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តផ្សេងៗ ត្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅដាច់ដោយឡែកពីក្រុមគ្រួសារ និងយកសំណាកទៅពិនិត្យរកមេរោគកូវីត១៩ ដើម្បីធានាសុវត្ថិភាពដល់ខ្លួនឯងផង និងដល់ក្រុមគ្រួសារ សហគមន៍ ជាពិសេសត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែននូវវិធានការ «៣ការពារ ៣កុំ» និងបើមិនចាំបាច់កុំចេញក្រៅផ្ទះ។
ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋក្នុងការដោះស្រាយសេវាសាធារណៈទាំងសេវាសំណូមពរ និងសេវាតម្រូវការឱ្យបានល្អប្រសើរ និងអនុវត្តគោនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានរស់នៅដោយសុខដុមរមនា។
លោកបានបន្តថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺមានសារៈសំខាន់ណាស់ ហើយក៏ជាកាតព្វកិច្ចរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់ក្នុងការចាក់វ៉ាក់សាំងនេះ ដូច្នេះនៅពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងមានវ៉ាក់សាំងជាច្រើនទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋ ខណៈពេលនេះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋត្រូវបានចាក់បានជាង ១លាននាក់ហើយផងដែរ។
អំណោយរបស់ក្រុមការងារដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ១៦គ្រួសារ មានគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៥ម៉ឺនរៀល ក្នុងមួយគ្រួសារ ក្នុងនោះក៏បានចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កចំនួន ៣គ្រួសារ នៅសង្កាត់ចេក ដើម្បីសម្រាលដល់ការដោះស្រាយបន្ទុកក្នុងគ្រាលំបាកនេះផងដែរ៕