(ភ្នំពេញ)៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅរសៀលថ្ងៃទី០៨ ខែមីនានេះថា សម្ដេចមិនប្រើប្រាស់ Facebook របស់សម្តេច ដើម្បីប្រកួតប្រជែងជាមួយនរណាម្នាក់នោះទេ តែសម្តេចប្រើ Facebook ដើម្បីប្រសិទ្ធភាពការងារ ក្នុងការចូលរួមចំណែកក្នុងការងារ អភិវឌ្ឍន៍ប្រទេស។
ការថ្លែងបែបនេះ របស់សម្ដេចតេជោ ធ្វើឡើងនៅក្នុងឱកាស ដែលសម្ដេចអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាការជ័យលាភី នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៨ នៅប្រទេសសង្ហបុរី និងក្រុមកីឡាបាល់ទាត់ Cambodia All Stars ដែលរៀបចំឡើងនៅវិមានសន្ដិភាព។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំអត់បានយកបញ្ហាហ្នឹង (Facebook) ប្រកួតប្រជែងជាមួយនរណា ដើម្បីប្រជាប្រិយភាពទេ។ ខ្ញុំយកបញ្ហា Facebook របស់ខ្ញុំ ដើម្បីបម្រើការងារឲ្យប្រសិទ្ធភាពជាតិ ហើយនរណាក៏បោកខ្ញុំមិនបានដែរ លែងបោកខ្ញុំបានហើយ អានៅកន្លៀតកន្លោះ កន្លែងណាក៏ចេញមកអស់ដែរ»។
ក្នុងឱកាសនោះ សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា Facebook របស់សម្ដេចមានអ្នក Like ច្រើនជាងគេនៅកម្ពុជា ដោយទើបតែវ៉ាឈ្នះ Facebook របស់ VOA Khmer នៅថ្ងៃចន្ទ ទី០៧ ខែមីនាម្សិលមិញ៕