(ព្រះសីហនុ)៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានជួរមុខគណៈកម្មាធិការជាតិ សន្តិសុខលំហសមុទ្រ  នៅព្រឹកថ្ងៃ៨ ខែមីនា ឆ្នាំ២០១៦នេះ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនាយក ដ្ឋានចារកិច្ចកងទព័ជើងទឹកភូមិន្ទថៃ ដែលបានមកបំពេញទស្សនកិច្ច នៅកម្ពុជា ដឹកនាំដោយ លោកឧត្តមនាវីទោ អាភិឆាត ផុតយ៉ាគិតធីវ៉ាត់ (Aphichat Punya kittywat) នាយកទីចាត់ការ ផែនការ នយោបាយ ស៊ើបការ នៃនាយកដ្ឋានចារកម្មកងទ័ពជើងទឹកភូមិន្ទថៃ និងសហការីចំនួន០៥រូប នៅទីបញ្ជាការដ្ឋានជួរមុខ គណៈ កម្មាធិការជាតិសន្តិសុខលំហសមុទ្រ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជំនួបនេះ ផ្តោតជាសំខាន់ ទៅលើការពង្រឹងចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង កងទ័ព ជើងទឹកនៃប្រទេសទាំង២ លើការជួយសង្គ្រោះនិងកិច្ចការពារសន្តិសុខក្នុងដែនសមុទ្រ ។

លោកឧត្តមនាវីទោ អាភិឆាត ផុតយ៉ាគិតធីវ៉ាត់ បានថ្លែងក្នុងជំនួបនោះថា នេះជាលើកទី១ហើយ សំរាប់រូបលោកដែលបានមកកាន់កម្ពុជា។ឮ

លោកឧត្តមនាវីទោ អាភិឆាត ផុតយ៉ាគិតធីវ៉ាត់ បានថ្លែងបន្តទៀតថា ក្នុងក្របខណ្ឌប្រទេសអាស៊ានជាមួយគ្នា យើងចាំបាច់ត្រូវសហការនិងទំនាក់ទំនងគ្នាជាចាំបាច់តាមគ្រប់មធ្យោបាយក្នុងការពង្រឹងសន្តិសុខលម្ហសមុទ្ររវាងប្រទេសក្នុងតំបន់។

លោកឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា កន្លងមកកងទ័ពជើងទឹកនៃព្រះរាជាណាចក្រ កម្ពុជា មានកិច្ចសហការជាមួយកងទ័ពជើងទឹកថៃរួចមកហើយ ក្នុងនោះធ្លាប់បានសហការរួមគ្នារុករកយន្តហោះ ម៉ាឡេស៊ីដែលបានបាត់កាលពី២ឆ្នាំកន្លងទៅផងដែរ៕