(បាត់ដំបង)៖ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញសម្ពោធទីតាំងនាគបាញ់ទឹក បង្គោលដងទង់ជាតិប្រជាជាតិអាស៊ាន និងសេរ៉ែនរោរ៍ពេលព្រឹកម៉ោង៧ ក្រោយពេលដែលរដ្ឋបាលខេត្តផ្អាកដំណើរការប្រើប្រាស់ជាយូរឆ្នាំមកហើយ។
ការជួសជុលឡើងវិញនេះ គឺបានការឧបត្ថម្ភគាំទ្រជាថវិកាពីមន្ទីរឧស្សាហកម្ម និងសិប្បកម្មសហការជាមួយរដ្ឋាករទឹកបាត់ដំបង ដោយចំណាយប្រាក់ជិត២ម៉ឺនដុល្លារផងដែរ។ លោក ច័ន្ទ សុផល ថ្លែងថា នាគបាញ់ទឹកនៅដងទង់ជាតិចំនួន១១ដង ដែលបំពាក់ឲ្យទង់អាស៊ានទាំង១០ និងទង់តំណាងប្រជាជាតិអាស៊ាន១ និងសេរ៉ែនរោទិ៍១គ្រឿង សម្រាប់រោទិ៍ម៉ោង៧ព្រឹក សម្រាប់ប្រជាពលរដ្ឋចូលរួមគោរពទង់ជាតិប្រចាំថ្ងៃនោះ ខណៈពេលដែលរដ្ឋបាលខេត្ត បានផ្អាកដំណើរការទុកចោលដោយសារខូចខាតជាយូរឆ្នាំមកហើយ។
លោកអភិបាលខេត្ត បានបន្តថា លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្ម និងសិប្បកម្ម បានសហការជាមួយរដ្ឋាករទឹកបាត់ដំបង ដែលបានចូលរួម និងបានចំណាយថវិកាជិត២ម៉ឺនដុល្លារ ដើម្បីទិញសម្ភារ និងការជួសជុលអាងទឹកនេះឡើងវិញ សម្រាប់ទុកឲ្យរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋប្រើប្រាស់ទាំងអស់គ្នា និងជាការចូលរួមលើកសោភ័ណភាពទីក្រុងស្អាត អានាម័យល្អ ដើម្បីទាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានមកទស្សនាបានច្រើនកុះករ ហើយពួកគេបានយកលុយមកចំណាយនៅលើខេត្តយើង បានទទួលផលប្រយោជន៍ ដល់ប្រជាពលរដ្ឋយើងក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ៕