(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។
ក្នុងសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងដែលបានចូលរួមជាមួយបងប្អូន ក្មួយៗ កម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ សន្តិភាព សុខភាព និងការងារ»។
សម្ដេចតេជោ ហ៊ុន សែន បន្ដទៀតថា ប្រធានបទនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសារវន្ត ជាសកល ជាពិសេសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ទទួលបានការញាំញីដោយសង្គ្រាម បំផ្លិចបំផ្លាញខ្ទេចខ្ទាំរាប់សតវត្សមកហើយ ពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ ការបង្កើតការងារ និងស្ថិរភាពការងារក្នុងបរិបទជំងឺកូវីដ-១៩។
ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ទោះបីឆ្នាំនេះ ប្រទេសជាតិយើង និងពិភពលោកទាំងមូលកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឱ្យមានការរៀបចំរំលឹកនូវទិវា ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ៕
ខាងក្រោមនេះ ជាសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖