(ភ្នំពេញ)៖ របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឲ្យដឹងថា នៅ៤ខែដំបូងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណ ១៩២ ៤៩៥តោន មានការថយចុះចំនួន១០៧ ៧៥៧តោន ស្មើនឹង -៣៥.៨៩% បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២០ ដែលមានចំនួន៣០០ ២៥២តោន។
របាយការណ៍បានបញ្ជាក់ឲ្យដឹងទៀតថា ការនាំចេញអង្ករ ក្នុងខែមេសា ឆ្នាំ២០២១ មានចំនួន ៣៨ ៨០៧តោន ថយចុះចំនួន ៣០ ៤៩៧តោន (-៤៤%) បើធៀបនឹងខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ៦៩ ៣០៤តោន។
ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទ មានចំនួន ១៣០ ១២០តោន ស្មើនឹង ៦៧.៦% អង្ករសគ្រប់ប្រភេទមានចំនួន ៥៩ ០២៦តោន ស្មើនឹង ៣០.៦៦% និងអង្ករចំហុយ មានចំនួន ៣ ៣៤៩តោន ស្មើនឹង១.៧៤%។
អង្ករបាននាំចេញទៅកាន់ទិសដៅ សហភាពអឺរ៉ុបចំនួន២០ប្រទេស មានបរិមាណសរុបចំនួន៤២ ៨៥០តោន (២២.២៦%) ទិសដៅប្រទេសចិន មានបរិមាណសរុប ចំនួន ១០៤ ៧៥៦តោន (៥៤.៤២%) ទិសដៅអាស៊ាន ចំនួន៤ប្រទេស មានបរិមាណសរុបចំនួន ១៧ ៤៨៣តោន (៩.០៨%) និងទិសដៅដទៃទៀត ចំនួន១៨ប្រទេស មានបរិមាណសរុប ២៧ ៤០៦តោន (១៤.២៤%)។
ក្រុមហ៊ុនដែលបាននាំចេញអង្ករ មានចំនួន៥១ ហើយបរិមាណអង្ករ ដែលបាននាំចេញដោយក្រុមហ៊ុនធំៗ ចំនួន១០ មានរហូតដល់១៣៥ ៩៨០តោន (៧០.៦៤%) និងក្រុមហ៊ុន៤១ដទៃទៀត បាននាំចេញត្រឹមតែ ៥៦ ៥១៥តោន (២៩.៣៦%)។
ដោយឡែកការនាំចេញស្រូវមានចំនួន ១ ៥២៩ ២៨០តោន ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១ មានការកើនឡើងចំនួន ៦៤៦ ០៤៨តោន (៧៣.១៥%) បើធៀបនឹងរយៈដូចគ្នា ក្នុងឆ្នាំ២០២០ ដែលមានចំនួនតែ ៨៨៣ ២៣២តោន តែប៉ុណ្ណោះ។
បើតាមរបាយការណ៍រយៈពេល៤ខែឆ្នាំ២០២១នេះ ការនាំចេញអង្ករ រកចំណូលបានជាង១៦១លានដុល្លារ ដុល្លារអាមេរិក និងការនាំចេញស្រូវ រកចំណូលបានចំនួនជាង ២២១ដុល្លារអាមេរិក៕