(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសពិសេសមួយដែលបានលើកឡើងថា ការចែកអំណោយជូនប្រជាពលរដ្ឋ រស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គឺគ្មានភាពរើសអើង មិនខ្លាចនឿយហត់ទាំងថ្ងៃ ទាំងយប់ ហាលថ្ងៃ ហាលភ្លៀង និងមិនប្រកាន់និន្នាការនយោបាយ។ នេះបើយោងតាមសេចក្តីប្រកាសផ្លូវការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានយប់ថ្ងៃសុក្រនេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានចេញមកច្រានចោលចំពោះការលើកឡើង ដោយគំនិតអគតិដែលមានចេតនាបង្កចលាចលបំពុលសង្គម និងរារាំងដល់ដំណើរការបែងចែក អំណោយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ចាប់តាំងពីការផ្តើមអនុវត្ត នូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដោយមានការបិទខ្ទប់ផ្នែកខ្លះ នៃខណ្ឌមានជ័យ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ និងការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញទាំងមូល ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតមកដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានទទួលនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, អំណោយជំនួយសង្គមរបស់រាជរដ្ឋាភិបាល និងអំណោយសង្គ្រោះបន្ទាន់ ពីសប្បុរសជននានាក្នុងវិស័យឯកជនទាំងក្នុងលក្ខណៈជាក្រុមហ៊ុន និងលក្ខណៈបុគ្គល ព្រមទាំងអំណោយរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផ្សេងៗ ពីគ្រប់មជ្ឈដ្ឋាន។
អំណោយ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមដឹកជញ្ជូនពីកម្លាំងកងយោធពលខេមរភូមិន្ទ កម្លាំងបញ្ជាការដ្ឋានកងអង្គរក្សបញ្ជូនមកអាជ្ញាធរមូលដ្ឋាន ធ្វើការរៀបចំចាត់ចែងបែងចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្ត្រខណ្ឌ
ទាំង១៤ សរុបបានចំនួន១៨៤,៤០៦ គ្រួសារ មិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ហាលថ្ងៃ ហាលភ្លៀង ដោយមិនប្រកាន់និន្នាការនយោបាយ ក្នុងគោលបំណងការពារអាយុជីវិតប្រជាពលរដ្ឋ ស្របគ្នានឹងការធានាឱ្យបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ដោយផ្តោតជាពិសេស ទៅលើប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហម។
ចំពោះយន្តការ នៃការបែងចែកគឺបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលបង្ហាញរបស់ ឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដោយបានយកចំនួនគ្រួសារ បន្ទប់ជួល និងអ្នកមានជីវភាពខ្វះខាតជាមូលដ្ឋាន និងធ្វើការបែងចែកប្រកបដោយតម្លាភាព បានចំគោលដៅពិតប្រាកដ និងមានភាពឆាប់រហ័ស ព្រមទាំងធានាបាននូវសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩។
រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលនូវការលើកឡើងនានា ដោយអគតិក្នុងគោលបំណងបង្កចលាចលបំពុលសង្គម រារាំងដល់ដំណើរការបែងចែក អំណោយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការស្បៀងអាហារបន្ទាន់ និងសូមឆ្លៀតឱកាសនេះ បន្តអំពាវនាវដល់សប្បុរសជន ក្រុមហ៊ុន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ គ្រប់មជ្ឈដ្ឋាន សូមបន្តរួមចំណែកតាមលទ្ធភាពក្នុងស្មារតីជាមហាគ្រួសារខ្មែរតែមួយ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។
ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញសូមការយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុតដល់ម្ចាស់អំណោយ ដែលមិនអាចចែកជូនដល់ដៃប្រជាពលរដ្ឋ
រងគ្រោះដោយផ្ទាល់ ដោយឈរលើមូលហេតុខ្លាចមានការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកចូលរួម ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តធ្វើការបែងចែកអំណោយឱ្យបានចំគោលដៅ ជូនប្រជាពលរដ្ឋដែលមានតម្រូវការស្បៀងអាហារបន្ទាន់ចំពោះមុខបន្តទៀត ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀតថា ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះ រាជរដ្ឋាភិបាលនឹងបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់គ្រប់ពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅ តាមគោលការណ៍ស្ម័គ្រចិត្ត។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ តាមទីតាំងដែលបានកំណត់ និងគោរពឱ្យបាននូវការរក្សាគម្លាតសុវត្ថិភាពសង្គម រក្សាបាននូវសណ្តាប់ធ្នាប់ល្អ កុំប្រជ្រៀតគ្នា និងគោរពតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ៕