(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត នៅរសៀលថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវស្រូវពូជចំនួន ៣២តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន២០៨ គ្រួសារ រស់នៅភូមិ ស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខពីលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ ស.អ.ក ជូនចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់នាឱកាសនេះផងដែរ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានលើកឡើងថា ក្នុងនាមប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត តំណាងឱ្យបងប្អូនអតីតយុទ្ធជនកម្ពុជា ខេត្តឧត្តរមានជ័យទាំងអស់ បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន តាមរយៈលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏ដូចជាអាជ្ញាធរខេត្តឧត្តរមានជ័យ ដែលបានគិតគូរយកចិត្តទុកដាក់ ជួយដោះស្រាយនូវការលំបាករបស់បងប្អូនអតីតយុទ្ធជន បានទាន់ពេលវេលា ដូចជាជួយសាងសង់ផ្ទះសំបែង ប្រគល់ជូននូវដីកសិកម្មសម្រាប់បង្កបង្កើនផល និងជួយដោះស្រាយបញ្ហាផ្សេងៗជាច្រើនទៀតផងដែរ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានថ្លែងជំរុញឱ្យបងប្អូនអតីតយុទ្ធជនយើង ដែលទទួលបាននូវពូជស្រូវនៅពេលនេះ ត្រូវរូតរះយកទៅសាប ព្រួស ដក ស្ទូង ទាន់រដូវវស្សាចូលមកដល់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
លោកក៏បានណែនាំបន្ថែមឱ្យបងប្អូនអតីតយុទ្ធជនត្រូវរក្សាសុខភាព អនាម័យ ក្នុងការរស់នៅដើម្បីការពារពីជំងឺផ្សេងៗ ពិសេសសូមបន្តអនុវត្តឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍របស់យើងពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ស្រូវពូជដែលចែកជូននៅពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបាន ១០០គីឡីក្រាម៕