(បាងកក)៖ នាយកដ្ឋានកែប្រែបាននិយាយថា មេដឹកនាំតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថៃ ដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្រោមការចោទប្រកាន់​ពីបទប្រមាថរបប​រាជានិយមថៃនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបានធ្វើកូដកម្មអត់អាហារអស់រយៈពេល ៤៦ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។

ដំណឹងចូលមន្ទីរពេទ្យរបស់មេសកម្មជនប្រឆាំងរូបនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីនាយកដ្ឋានបាននិយាយថា ស្ថានភាពរបស់គាត់គឺធម្មតាទេ។

ម្តាយរបស់លោក ផារិត ជីវ៉ារ៉ាក់ (Parit Chiwarak) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ស្ថានភាពរបស់កូនគាត់កាន់តែអាក្រក់ទៅៗ ខណៈស្ថានភាពជំងឺរបស់សកម្មជនរូបនេះ បានក្លាយជារឿងដ៏មានប្រជាប្រិយនៅលើបណ្តាញទំនាក់ទំនងសង្គមនៅក្នុងប្រទេសថៃ។

អ្នកម្តាយរូបនេះ ក៏បានស្នើសុំនៅក្រៅឃុំសម្រាប់កូនប្រុសរបស់លោកស្រីផងដែរ នៅថ្ងៃសុក្រនេះ ដែលជាការស្នើសុំលើកទី១០ ហើយបានកោរសក់នៅមុខតុលាការដើម្បីតវ៉ានូវអ្វីដែលគាត់ហៅថា អយុត្តិធម៌។ កាលពីថ្ងៃព្រហស្បតិ៍ តុលាការបានបដិសេធសំណើសុំនៅក្រៅឃុំ ដោយនិយាយថាហេតុផលមុនៗ នៅតែត្រូវបានអនុវត្ត។

គួរបញ្ជាក់ថា លោក Parit ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ពីបទប្រមាថព្រះមហាក្សត្រកាលពីថ្ងៃចុងឆ្នាំ២០២០កន្លងទៅនេះ។ គាត់ជាសកម្មជនប្រជាធិបតេយ្យដ៏ល្បីមួយរូប ដែលកំពុងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយសកម្មជនទូទាំងប្រទេស ជាពិសេសទីក្រុងបាងកក ដើម្បីទាមទារឲ្យមានកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ និងជាពិសេសគឺការរំលាយ រដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា៕