(ភ្នំពេញ)៖ ក្រុមជនក្បត់ជាតិដឹកនាំដោយទណ្ឌិត សម រង្ស៉ី អេង ឆៃអ៊ាង មូរ សុខហួរ និងហូ វ៉ាន់ ព្រមទាំងបរិវារពិតជាគ្មានគុណធម៌ មនុស្សធម៌ និងគ្មានចិត្តថ្លើមជាជនជាតិខ្មែរឡើយ! ពេលជាតិនិងប្រជាជនកម្ពុជាមានទុក្ខ និងកំពុងស្ថិតនៅក្នុងសង្គ្រាមប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពួកគេបានរៀបចំផែនការទុច្ចរឹតបំផ្លាញកម្ពុជា ដោយអនុវត្តផែនការញុះញង់ពលរដ្ឋមិនឱ្យគោរពបទបញ្ជារាជរដ្ឋាភិបាល និងបំពានបំរាមបិទខ្ទប់ បង្កើតចលាចលសង្គម។
ពួកគេធ្វើអ្វីៗទាំងអស់ដើម្បីសងសឹករដ្ឋាភិបាល និងបំផ្លាញកម្ពុជាក្នុងកាលៈទេសៈដ៏លំបាកនេះ។ ទង្វើក្បត់ជាតិរបស់ពួកគេពិតជាមានទំហំធំ និងមិនអាចឱ្យពលរដ្ឋខ្មែរអត់ឱនឱ្យបានឡើយ។ ក្រុមជនជ្រុលនិយមទាំងនេះពិតជាសត្រូវរបស់ប្រជាជនកម្ពុជា ហើយស័ក្តិសមបំផុតក្នុងការចារឈ្មោះជនក្បត់ជាតិទាំងនេះសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀតបានចងចាំនូវសែស្រឡាយពូជក្បត់ជាតិ និងទង្វើក្បត់ជាតិ ក្បត់ប្រជាជនរបស់ពួកគេ។
អ្វីជាផែនការជាក់ស្តែងដែលក្រុមជ្រុលនិយមដឹកនាំដោយទណ្ឌិតរត់ចោលគុក សម រង្ស៊ី បានរៀបចំឡើង គឺពួកគេឃោសនាថាគ្មានការឆ្លងកូវីដ-១៩ ឃោសនាមិនឱ្យចាក់វ៉ាក់សាំងរបស់ប្រទេសចិន មិនឱ្យ ប្រជាពលរដ្ឋអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលលើការបិទខ្ទប់ ហើយអ្វីដែលទណ្ឌិតនេះមិនខ្វល់នឹងអាយុ ជីវិតប្រជាជនគឺបានញុះញង់ឱ្យពលរដ្ឋចេញក្រៅ និងថែមទាំងញុះញង់ឱ្យមានការតវ៉ាប្រឆាំងអាជ្ញាធរថែម ទៀត។ ពួកគេបានបំភ្លៃពីស្ថានភាពពិតប្រាកដនៅកម្ពុជាដោយផ្សាយព័ត៌មានមិនពិតថាប្រជាពលរដ្ឋដាច់ បាយ និងបង្កើតយុទ្ធនាការសម្អុយកម្ពុជានៅលើឆាកអន្តរជាតិ ថាមិនបានគិតគូរពីប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ហើយធ្វើជាផ្ញើសារទៅអង្គការស្បៀងអាហារពិភពលោកដើម្បីសុំជំនួយ។
គេដឹងច្បាស់ណាស់ថា អ្នកដែលចូលរួមនោះគឺជាសកម្មជននយោបាយរបស់ពួកគេមួយក្តាប់តូចប៉ុណ្ណោះ ប៉ុន្តែបានយកឈ្មោះប្រជាជនខ្មែរទៅប្រើប្រាស់ដើម្បីចំណេញនយោបាយពួកគេ។
មិនតែប៉ុណ្ណោះ ពួកគេបានប្រើអ្នកកាសែតដៃជើងរបស់ពួកគេ រួមនឹងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនស្រែកបន្ទរតាមក្រោយពីវិបត្តិខ្វះស្បៀងអាហារ នេះដើម្បីជាការបង្កើនការផ្សព្វផ្សាយបែបអវិជ្ជមានរបស់ពួកគេអំពីកម្ពុជា។ រដ្ឋាភិបាលកម្ពុជាដែលរហូតមកទល់ពេលនេះ បានចាត់វិធានការចាំបាច់នានា ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងបានផ្គត់ផ្គង់ស្បៀង និងការឧបត្ថម្ភផ្សេងៗដល់ប្រជាពលរដ្ឋជាច្រើនម៉ឺនសែនគ្រួសាររួចស្រេចទៅហើយរហូតមកដល់ ថ្ងៃទី៣០ ខែមេសានេះ ក្រោមទិសស្លោកថា «មិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹងនោះឡើយ»។
ផែនការបំផ្លាញជាតិ និងសម្លាប់ប្រជាពលរដ្ឋខ្មែរមួយទៀត ដែលត្រូវបានប្រភពស្និទ្ធនឹងខ្មោចគណបក្សសង្គ្រោះជាតិប្រាប់គឺក្រុមទណ្ឌិតរត់ចោលស្រុកដឹកនាំដោយហូរ វ៉ាន់ ក្រោមការបញ្ជាផ្ទាល់របស់ទណ្ឌិត សម រង្ស៉ី បានរៀបចំកិច្ចប្រជុំសម្ងាត់ជាមួយសកម្មជនខ្មោចគណបក្សសង្គ្រោះជាតិមកពី១០ ខណ្ឌដោយ បានដាក់ចុះនូវផែនការចំនួន ២ គឺក្នុងនោះ ផែនការទី១ ត្រូវឱ្យប្រពលរដ្ឋដែលនៅក្នុងតំបន់បិទខ្ទប់ មិនថាតំបន់ក្រហម លឿងទុំ ឬលឿងនោះទេ ចេញមកខាងក្រៅផ្ទះ ឬខាងក្រៅតំបន់ដើម្បីធ្វើការដោះស្រាយបញ្ហាជីវភាព និងផែនការទី២ ត្រូវឱ្យប្រជាពលរដ្ឋដែលនៅក្នុងតំបន់បិទខ្ទប់ទាំងអស់ ត្រូវនាំគ្នាគោះចាន គោះឆ្នាំង ឬចងក្រណាត់សក្រវី និងស្រែកថា «ក្រពះខ្ញុំកូរ ខ្ញុំដាចបាយហើយ»។
ប្រភពបានបន្តទៀតថាប្រសិនបើដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅតែមានការបិទខ្ទប់ដដែលនោះ ផែនការនិងត្រូវអនុវត្តបន្ត ហើយការអនុវត្តត្រូវចាំបញ្ជាពីថ្នាក់លើដែលសំដៅដល់ទណ្ឌិត សម រង្ស៊ី នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ដោយក្នុងនោះ ទណ្ឌិតហូរ វ៉ាន់ បានបញ្ជាឱ្យរៀបចំកម្លាំង ហើយកម្លាំងទាំងអស់ ត្រូវត្រៀមរៀបចំធ្វើកិច្ចការងារទាំងអស់នេះគ្រប់ខណ្ឌ ព្រមទាំងឱ្យតាមដានសារនយោបាយរបស់ទណ្ឌិត សម រង្ស៊ី តាមរយៈហ្វេសប៊ុក និងទូរទស្សន៍ព្រះអាទិត្យអនឡាញជាដើមដើម្បីអនុវត្តផែនការ។
ចេញពីផែនការទុច្ចរិតនេះ ពួកគេបានញុះញង់ពលរដ្ឋប្រមាណជិត ៥០ នាក់នៅក្នុងសង្កាត់ស្ទឹង មានជ័យកាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឱ្យចេញមកតវ៉ាតាមការញុះញង់របស់ទណ្ឌិតសម រង្ស៊ី និងប្រើប្រាស់សារបដាតវ៉ាដូចអ្វីដែលទណ្ឌិត ហូរ វ៉ាន់ បានណែនាំដូចជា «ភូមិខ្ញុំដាច់បាយហើយ»។
តាមការស្រាវជ្រាវរបស់អាជ្ញាធរ អ្នកដែលបានចូលរួមតវ៉ាទាំងនោះ គឺមានមួយចំនួនបានដឹង និងមួយចំនួនមិនបានដឹងអំពីផែនការរបស់ក្រុមជ្រុលនិយមក្បត់ជាតិទេ ដោយជឿតាមការញុះញង់របស់សកម្មជនខ្មោចបក្សប្រឆាំងមួយចំនួនតូច។ អ្នកខ្លះទទួលបានអំណោយពីអាជ្ញាធរនៅពេលព្រឹកថ្ងៃ ប៉ុន្តែបានចូលរួមតវ៉ានៅពេលយប់ទាមទារស្បៀងថែមទៀត (សូមមើលរូបថត)។
នេះគឺពិតជាការរៀបចំរបស់ក្រុមប្រឆាំងជ្រុលនិយមយ៉ាងច្បាស់ក្រឡែត ហើយជាការបង្កើតឱ្យមានចលាចលសង្គមរុញពលរដ្ឋឱ្យចេញក្រៅផ្ទះ និងប្រមូលផ្តុំគ្នាតវ៉ាដោយមិនគិតពីការឆ្លងជំងឺកូវីដ-១៩ឡើយ។ ដោយសារ តែចង់ឱ្យពលរដ្ឋខ្មែររងគ្រោះកាន់តែខ្លាំងដោយសារតែជំងឺកូវីដ-១៩ ដើម្បីខ្លួនបានលេស វាយប្រហារលើការដឹកនាំរបស់រាជរដ្ឋាភិបាល កេងចំណេញផលប្រយោជន៍នយោបាយ ទណ្ឌិត សម រង្ស៊ី បានចេញមកជំទាស់នឹងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលថា និងបានញុះញង់ជាចំហរមិនឱ្យពលរដ្ឋ អនុវត្តវិធានការរបស់រដ្ឋាភិបាលដោយលើកឡើងថា «ចាំប្រជាជនកន្លះប្រទេសស្លាប់សិន ចាំបិទខ្ទប់រាជធានី ខេត្តស្រុក»។ នេះហើយជាសម្តីនៃជនដែលអួតខ្លួនថាជាអ្នកស្រ ឡាញ់ជាតិនិងប្រជាជនពិតប្រាកដនោះ។
ប៉ុន្តែពលរដ្ឋមិនជឿសម្តីរបស់កូនជនក្បត់ជាតិនេះទេហើយឆ្លើយបក ទៅទណ្ឌិតរត់ចោលស្រុកនេះថា«បើកុំតែរដ្ឋាភិបាលអនុវត្តវិធានការត្រឹមត្រូវ និងម៉ត់ចត់ក្នុងការបិទខ្ទប់ ម៉្លេះសមនឹងមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងនេះ និងមានអ្នកស្លាប់ច្រើនជាងនេះ។ សូមទណ្ឌិតកូនជនក្បត់ជាតិកុំធ្វើភ្លីភ្លើ។ បើគ្រាន់បើខ្លាំងណាស់ តាំងខ្លួនជាអ្នកវិទ្យាសាស្ត្រម្ចាស់ទ្រឹស្តីមានគ្រាប់ឈាមពិសេសមិនឆ្លងជំងឺកូវីដ-១៩ ទណ្ឌិតរូបនេះគួរយកពេលវេលាផ្តល់យោបល់ឱ្យបានច្រើនដល់រដ្ឋាភិបាលប្រទេសបារាំង ជាប្រទេសកំណើតទី២ និងដែលលោកកំពុងជាប់ក្នុងការបិទខ្ទប់ដែរនោះ ដើម្បីកាត់បន្ថយអត្រាឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ជាប់លំដាប់ថ្នាក់ទី៤ នៅលើពិភពលោក! សម្រាប់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពប្រជាពលរដ្ឋទាំងការការពារអាយុជីវិតពីការឆ្លងជំងឺកូវីដ១៩ ការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋការពារខឿនសុខភាពប្រជាជន និងដោះស្រាយទុក្ខលំបាកនៅ អំឡុងពេលបិទខ្ទប់តាមរយៈការផ្តល់ជំនួយជាគ្រឿងឧបភោគបរិភោគ។ បើអស់លោករសនៅ ស្រុកកំណើតទី២របស់ខ្លួនបានសុខហើយ កុំមកចងកម្មចងពារជាមួយជាតិខ្មែរ។ ជាតិខ្មែរមិនត្រូវការជនចង្រៃជាតិដូចក្រុមអស់លោកទេ! »។
ទង្វើក្បត់ជាតិដែលក្រុមប្រឆាំងជ្រុលនិយមបានប្រព្រឹត្តប្រឆាំងនឹងជាតិ និងប្រជាជនកម្ពុជាពិតជា មានទម្ងន់ដ៏ធ្ងន់បំផុត។ ការធ្វើនយោបាយរបស់ពួកគេផ្តោតលើការបំផ្លាញជាតិជាធំ និងហ៊ានប្រមាថជីវិត ប្រជាពលរដ្ឋ និងយកអាយុប្រជាពលរដ្ឋមកធ្វើជាឈ្នាន់ដើម្បីអំណាចរបស់ពួកគេដោយគ្មានភាពអៀនខ្មាសឡើយ។
ឥឡូវនេះ ខណៈដែលជាតិនិងប្រជាជនកម្ពុជាជាប់ដៃក្នុងសង្គ្រាមប្រឆាំងនិងទប់ស្កាត់ជំងឺកូវីដ១៩ ដ៏កាចសាហាវដែលកំពុងវាយលុកខ្លាំងក្នុងសហគមន៍ ដែលបានឆ្លងពលរដ្ឋខ្មែរចំនួន ១២.៨៥០ នាក់បាន ឆ្លង និងបានសម្លាប់មនុស្សចំនួន ៩៥នាក់ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយកូនជនក្បត់ជាតិ សម រង្ស៊ី បន្តបំផ្លាញជាតិនិងពលរដ្ឋខ្មែរដោយគ្មានញញើតដៃ។ តែកម្មពារពិតជាមាន ការញុះញង់របស់ទណ្ឌិតនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាតាមចាប់ខ្លួនពីបទញុះ ញង់ប៉ះពាល់ដល់សន្តិសុខជាតិរួចហើយដែរកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។
នេះគឺជាការឆ្លើយតប ដ៏បន្ទាន់បំផុតទៅលើទណ្ឌិតក្បត់ជាតិនេះ។ ពលរដ្ឋខ្មែរដែលស្រឡាញ់សន្តិភាព និងគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួនវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ការពារអាយុជីវិតពលរដ្ឋ សង្ឃឹមថា អាជ្ញាធរមាន សមត្ថកិច្ចនឹងចាត់វិធានការក្រុមជនមេក្លោងក្បត់ជាតិ និងបន្តស្រាវជ្រាវស្វែងរកក្រុមជនដែលបានទទួលបញ្ជាពីក្រុមជនក្បត់ជាតិញុះញង់និងបង្កចលាចលសង្គមដើម្បីមកផ្តន្ទាទោសតាមច្បាប់ជាធរមាន និងមិន អនុញ្ញាតឱ្យក្រុមជនក្បត់ជាតិទាំងនេះបំផ្លាញកម្ពុជាបានឡើយ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១