(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ១៩ទាំងអស់ សូមគោរពឱ្យបានតាមស្តង់ដារប្រតិបត្តិ និងបច្ចេកទេសនៃការចាក់វ៉ាក់សាំងកូវីដ-១៩ និងអនុវត្តការពារការចម្លងវីរុសកូវីដ១៩ ឱ្យបានហ្មត់ចត់ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាអ្នកដែលបានមកចាក់វ៉ាក់សាំង។
ការណែនាំបែបនេះ របស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ក្នុងឱកាសលោកស្រីបានចូលរួមក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងទីតាំងមូលដ្ឋានកងទ័ព នៃកងពលតូចលេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ រាជធានីភ្នំពេញ។
លោកស្រី ឱ វណ្ណឌីន បានណែនាំយ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមធ្វើការណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ១៩ទាំងអស់ សូមគោរពឱ្យបានតាមស្តង់ដារប្រតិបត្តិ និងបច្ចេកទេសនៃការចាក់វ៉ាក់សាំងកូវីដ-១៩ និងអនុវត្តការពារការចម្លងវីរុសកូវីដ១៩ ឱ្យបានហ្មត់ចត់មែនទែន ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាអ្នកដែលបានមកចាក់វ៉ាក់សាំងផងដែរ»។
នាឱកាសនោះដែរ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងកោតសសើរដល់ដល់ថ្នាក់ដឹកនាំក្រុមពេទ្យក្រសួងការពារជាតិ, ក្រុមគ្រូពេទ្យកម្ពុជាទូទាំងប្រទេស, ថ្នាក់ដឹកនាំ បុគ្គលិក គ.វ.ក.១៩ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តតេជោ (ធីតា), ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច សាយ ឈុំ, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច ទៀ បាញ់, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និង ស.ស.យ.ក ទាំងអស់ ព្រមទាំងក្រុមគ្រូពេទ្យផ្សេងៗទៀត ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការផ្តល់សេវាកម្មចាក់វ៉ាក់សាំងកូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ក្នុងស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក រហូតរុញច្រានកម្ពុជាឡើងដល់លំដាប់លេខ២ នៅក្នុងតំបន់អាស៊ានបន្ទាប់ពីប្រទេសសាំងហ្គាពួរ។
លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា «ក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺខ្មែរអាចធ្វើបាននូវអ្វីៗ ដើម្បីជាប្រយោជន៍ជាតិ និងជាប្រយោជន៍ដ៏ពិតប្រាកដ ជាក់ស្តែង គឺការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះតែម្តង ដែលក្នុងមួយរយៈពេលខ្លី យើងអាចសម្រេចបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រហូតដល់ជាង ១លាននាក់ទៅហើយ ហើយយើងនឹងខិតខំបន្តទៀតជំរុញឱ្យប្រជាជនប្រមាណ ១០លាននាក់ ត្រូវបានទទួលវ៉ាក់សាំងកូវីដ-១៩ ស្របទៅតាមផែនការមេសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩»។
បន្ថែមពីនេះ ដើម្បីចូលរួមចំណែកនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជាទ្រង់ទ្រាយធំដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម ក្នុងខណ្ឌចំនួន៤ រួមមាន៖ ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌមានជ័យ, ខណ្ឌដង្កោ និងខណ្ឌកំបូល លោកស្រី ឱ វណ្ឌឌីន បានបញ្ជាក់ថា ក្រសួងសុខាភិបាល ក៏ដូចជា គ.រ.ក ១៩ បានផ្តល់នូវសម្ភារ បរិក្ខាពេទ្យមួយចំនួនដល់ក្រុមគ្រូពេទ្យនៃក្រសួងការជាតិ រួមមាន៖ ទី១៖ របាំងមុខ ចំនួន៧០០០, ទី២៖ វែនតាការពារ ចំនួន៧០០០, ទី៣៖ អាវបំពង់លេខ២ ចំនួន៥០០០, ទី៤៖ មួក ចំនួន៧០០០, ទី៥៖ ស្បែកជើង ចំនួន២០០០, ទី៦៖ អាវបំពងលេខ៣ ចំនួន២០០០, ទី៧៖ ស្រោមដៃ ចំនួន១,៤០០០, ទី៨៖ ម៉ាស ចំនួន ៥០០,០០០, ទី៩៖ ម៉ាស N95 ចំនួន៧០០០ និងទី១០៖ អាវអៀមខាងក្រៅ ចំនួន៥០០០៕