(ប៉ៃលិន)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកស្រី បាន ស្រីមុំ អភិបាលខេត្ត បានដឹកនាំក្រុមការងារមន្ទីរសុខាភិបាលខេត្ត ធ្វើការបាញ់ថ្នាំកម្ចាត់មេរោគកូវីដ-១៩ នៅក្នុងបរិវេណផ្សារសាមគ្គី ហៅប៉ាហ៉ី ក៏ដូចជាទូទាំងខេត្ត ដើម្បីកុំឱ្យមេរោគដ៏កាចសាហាវមួយនេះ ឆ្លងចូលទៅក្នុងសហគមន៍។
ក្នុងឱកាសនោះ លោកស្រីបានលើកឡើងថា «មេរោគនៃជំងឺកូវីដ-១៩ គឺជាសត្រូវដ៏កាចសាហាវរបស់យើងរាល់គ្នា ដែលមើលមិនឃើញ ហើយមានគ្រោះថ្នាក់ ដូច្នេះបើសិនជាយើងធ្វេសប្រហែសតែបន្តិច អាចនឹងបង្កឱ្យកើតមានហានីភ័យ ឆ្លងរាលដាលពីអ្នកកើតជំងឺនេះ មកខ្លួនឯង ឆ្លងទៅក្រុមគ្រួសារ រួចចូលក្នុងសហគមន៍ នាំឱ្យមានការលំបាកផងដែរ»។
លោកស្រីអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជីវករនៅក្នុងផ្សារ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវពាក់ម៉ាស លាងដៃនឹងទឹកអាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពឱ្យបាន ១.៥ ទៅ២ម៉ែត្រ និងត្រូវអនុវត្តតាមវិធានរបស់ប្រមុខរាជរដ្ឋាភិបាល (៣ការ ពារ ៣កុំ) ព្រមទាំងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ម្យ៉ាងវិញទៀត សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រធានផ្សារ ត្រូវបន្តរឹតបណ្តឹង ដោយណែនាំដល់ប្រជាពលរដ្ឋ ដែលចូលទិញម្ហូបអាហារក្នុងផ្សារ ឱ្យពាក់ម៉ាសជាប់ជានិច្ច។ បើមិនធ្វើតាមទេ គឺមិនអនុញ្ញាតឱ្យចូលផ្សារទិញម្ហូបបានឡើយ៕