(ភ្នំពេញ)៖ ភ្លើងឆេះព្រៃតូចៗ និងស្មៅក្នុងដីឡូត៍មួយកន្លែង យ៉ាងសន្ធោសន្ធៅ ស្ថិតនៅភូមិក្បាលដំរី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ ចេញជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងស្ថានការណ៍បានវិញ។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ស្ថិតនៅកន្លែងភ្លើងឆេះនោះថា ភ្លើងឆេះព្រៃ និងស្មៅយ៉ាងសន្ធោសន្ធៅ កុំតែទប់ស្កាត់ទាន់ កុំអីឆេះរីករាលដាលដល់រោងចក្រនៅក្បែរនោះ។ បើតាមសមត្ថកិច្ច មូលហេតុដែលនាំឲ្យមានភ្លើងឆេះព្រៃតូចៗ និងស្មៅយ៉ាងដូច្នេះ គឺបណ្តាលមកពីភាគីរោងចក្រ បានយកផេះដែលបន្សល់ពីក្នុងឡ ទៅបោះចោល នៅក្នុងដីឡូត៍ ខាងក្រោយរោងចក្រ ស្រាប់តែមិនទាន់រលត់ ក៏រីករាលដាលឆេះតែម្តង។ សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យមួយនេះ កម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿងផងដែរ រហូតគ្រប់គ្រងស្ថានភាពបានវិញ៕
Posted by Fresh News Photo on Tuesday, March 8, 2016