(ភ្នំពេញ)៖ ក្នុងរយ:ពេល នៃការអនុវត្តវិធានការបិទខ្ទប់ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ មក គេសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើនបានចូលរួមសហការ និងអនុវត្តតាមវិធានការនេះ ។
ដោយស្ថានភាពឆ្លងរាលដាលមិនទាន់មានការថមថយ រាជរដ្ឋាភិបាល បានសម្រេចបន្តការបិទខ្ទប់ ៧ថ្ងៃទៀតរហូតដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ ហើយសាលារាជធានីភ្នំពេញ ក៏បានចេញសេចក្តីសម្រេចអំពីការបែងចែកជា ៣តំបន់ផ្សេងគ្នា រួមមាន៖ «តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង »។
ទោះជាយ៉ាងណា ក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូចរស់នៅតំបន់ក្រហម និងតំបន់លឿងទុំ នៅមិនចូលរួមសហការ និងមិនគោរពតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ស្របពេលដែលពលរដ្ឋភាគច្រើន បានចូលរួមសហការ និងគោរពបានយ៉ាងល្អតាមការណែនាំ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។
លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម និងតំបន់លឿងទុំ ជួយរាយការណ៍ និងផ្តល់ព័ត៌មាន មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះប្រជាពលរដ្ឋមួយចំនួនតូច ដែលនៅតែល្មើនឹងវិធានការនេះ ដើម្បីចាត់ការតាមវិធានការច្បាប់ ។
សូមបញ្ជាក់ថា ទាំងតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង សមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែចេញល្បាតជាប្រចាំ ២៤ម៉/២៤ម៉ ទាំងតាមផ្លូវធំ និងផ្លូវតូច ៕