(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានបន្តរៀបចំកញ្ចប់បន្លែ មានសាច់ជ្រូក ឆៃប៉ូវ និងបន្លែស្រស់ៗ ដឹកតាមរថយន្តចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ និង ផ្លូវ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង និងអ្នកដំណើរផងដែរ។
សកម្មភាពរបស់លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ចុះចែកអំណោយតាមរថយន្តជូនប្រជាជននេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងលោកស្រី សុិន រតនា អភិបាលរងខណ្ឌបឹងកេងកង លោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌបឹងកេងកង ព្រមទាំងគណៈអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូបទៀត ដើម្បីជួយសម្រាលរាល់ការខ្វះខាតដល់បងប្អូន ប្រជាពលរដ្ឋបានមួយរយៈនាអំឡុងពេលបិទខ្ទប់រាជធានីនេះ។
ខណៈជិះរថយន្តដឹកកញ្ចប់បន្លែ ឆៃប៉ូវនោះ លោក ធឹម សំអាន បានណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលនូវអំណោយសប្បុរសធម៌ ត្រូវពាក់ម៉ាសការពារ និងរក្សាគម្លាត ហើយត្រូវទឹកបាញ់អាល់កុលលាងសម្អាតដៃ ពេលទទួលកញ្ចប់អំណោយរួច សូមចូលផ្ទះវិញរៀងៗខ្លួនផងដែរ។
ជាមួយគ្នានេះលោក ធឹម សំអាន បានអំពាវនាវដល់ប្រជាពលរដ្ឋសូមអត់ធ្មត់ទាំងអស់គ្នា យើងស៊ូលំបាករយៈពេលខ្លីនេះ គឺរដ្ឋបាលខណ្ឌបឹងកេងកង និងក្រុមការងារ នៅជាមួយបងប្អូន រួមសុខទុក្ខជាមួយបងប្អូន ដូចពេលនេះ បងប្អូនទទួលបានបន្លែ ឆៃប៉ូ ម្នាក់ ១កញ្ចប់ ដើម្បីទុកដោះស្រាយជីវភាពប្រចាំថ្ងៃ នាអំឡុងពេលបិទខ្ទុបរាជធានី ដើម្បីកាត់ផ្តាច់កូវីដ១៩នេះ។
បងប្អូនប្រជាជនដែលទទួលបានអំណោយនេះ គឺពួកគាត់បានសម្ដែងនូវកាយវិការដឹងគុណនិងទឹកចិត្តសប្បាយរីករាយរកអ្វីមកប្រៀបមិនបានឡើយ នៅពេលរដ្ឋបាលខណ្ឌបឹងកេងកងដឹកអំណោយមកអោយដល់មុខផ្ទះដូចនេះ ទោះបីអំណោយទាំងនោះមិនសមនឹងចិត្តគាត់ក្ដី តែមានសារៈសំខាន់ណាស់ ក្នុងការជួយគ្នីគ្នាពេលជួបគ្រាលំបាក នាអំឡុងពេលសម័យកូវីដ១៩ ពីសំណាក់ រដ្ឋបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ៕