(ភ្នំពេញ)៖ អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឲ្យបានល្អ ជាមួយកងទ័ព ជើងគោក ចែកជូនស្បៀងអាហារ ជូនទៅបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់ រាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ឃើញថា នៅថ្ងៃទី២៨-២៩ ខែមេសានេះ អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហការជាមួយ កងទ័ពជើងគោក ដោយបន្តដឹកជញ្ជូនស្បៀងអាហារ ជូនទៅបងប្អូនប្រជាពលរដ្ឋ បានចំនួន៣៧,២០០គ្រួសារបន្ថែមទៀត នៅតាមខណ្ឌនីមួយៗ នៅក្នុងរាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៨ និង២៩ ខែមេសា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារ ទៅជូនទៅបងប្អូនប្រជាពលរដ្ឋ បានចំនួន៣៧២០០គ្រួសារ ក្នុងនោះ បានដឹកជញ្ជូនទៅចែក ជូនប្រជាពលរដ្ឋក្រីក្រ រួមមាន៖
* ខណ្ឌមានជ័យ ចំនួន៥៥០០គ្រួសារ
* ខណ្ឌពោធិ៍សែនជ័យ ចំនួន១៨១០០គ្រួសារ
* ខណ្ឌដង្កោ ចំនួន៩០០គ្រួសារ
* ខណ្ឌសែនសុខ ចំនួន៥០០គ្រួសារ
* ខណ្ឌព្រែកព្នៅ ចំនួន៥០០គ្រួសារ
* ខណ្ឌឬស្សីកែវ ចំនួន៣០០០គ្រួសារ
* ខណ្ឌជ្រោយចង្វា ចំនួន១០០០គ្រួសារ
* ខណ្ឌដូនពេញ ចំនួន១៥០០គ្រួសារ
* ខណ្ឌ៧មករា ចំនួន១០០០គ្រួសារ
* ខណ្ឌទួលគោក ចំនួន១៣០០គ្រួសារ
* ខណ្ឌចំការមន ចំនួន៦០០គ្រួសារ
* ខណ្ឌបឹងកេងកង ចំនួន១០០០គ្រួសារ
* ខណ្ឌច្បារអំពៅ ចំនួន១៣០០គ្រួសារ និងខណ្ឌកំបូល ចំនួន១០០០គ្រួសារ។
គួរបញ្ជាក់ថា កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដើម្បីដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដោយមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕