(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការស្លាប់របស់ស្ដ្រីជនជាតិខ្មែរម្នាក់ អាយុ៥៥ឆ្នាំ ដោយសារជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ស្ដ្រីជនជាតិខ្មែរ អាយុ៥៥ឆ្នាំ រស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានចូលសម្រាកពេទ្យនៅថ្ងៃទី១៧ ខេមេសា ឆ្នាំ២០២១ វេលាម៉ោង២០៖២០នាទី ជាមួយស្ថានភាពក្ដៅខ្លួន ក្អក ហត់ខ្លាំង ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៉ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង០២៖០០នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ដ្រីជនជាតិខ្មែរអាយុ៥៥ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅកម្ពុជា កើតឡើងរហូដល់៩៣នាក់៕