វិបត្តិជនភៀសខ្លួន៖ អឺរ៉ុប និងតួកគី ជិតឈានដល់កិច្ចព្រមព្រៀង ខណៈជនភៀសខ្លួនមិនប្រក្រតី នឹងត្រូវបញ្ជូនទៅប្រភពដើមវិញ
08-03-2016 15:35
(ព្រុចសែល)៖ សហភាពអឺរ៉ុប និងប្រទេសតួកគី និយាយថាពួកគេ បានព្រមព្រៀងលើបែបបទមួយចំនួន ក្នុងផែនការដោះស្រាយវិបត្តិជនភៀសខ្លួន នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ នាទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ប៉ុន្តែដំណោះស្រាយចុងក្រោយ នឹងត្រូវពន្យាពេលដើម្បីសម្រេចលើកក្រោយ។ នេះបើតាមការផ្សាយរបស់ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០១៦។
លោក ដូណាល់ តាស់ក៍ (Donald Tusk) ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយនឹងតួកគីថា ជនភៀសខ្លួនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នោះនឹងត្រូវរៀបចំឲ្យមានការបញ្ជូនត្រឹមត្រូវ ទៅកាន់បណ្តាប្រទេសនានានៅអឺរ៉ុប ប៉ុន្តែសម្រាប់អ្នកដែលមិនប្រក្រតី ឬអាចជាអ្នកក្លែងបន្លំជាជនភៀសខ្លួន នោះនឹងត្រូវមន្ត្រីមានសមត្ថកិច្ចបញ្ជូនទៅកាន់ ទីកន្លែងដើមរបស់ពួកគេវិញ។
គួរបញ្ជាក់ថា ប្រទេសតួកគី និងក្រិក គឺជាច្រកចូលសំខាន់បំផុតសម្រាប់ជនភៀសខ្លួនពីអាស៊ីខាងត្បូង មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ស្របពេលដែលជនភៀសខ្លួនរាប់លាននាក់គឺជាជនជាតិស៊ីរី។ កិច្ចប្រជុំដោះស្រាយវិបត្តិជនភៀសខ្លួនបន្តទៀតនៅក្នុងសហភាពអឺរ៉ុប នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៧ ដល់ ១៨ ខែមីនា ខាងមុខនេះ៕