(ព្រះវិហារ)៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនទៀតត្រូវបាននាំយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ រស់នៅតំបន់ដាច់ស្រយាល នៅចំណុចស្រែក្រសាំ ក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ។
ពិធីចែកអំណោយនេះស្ថិតក្រោមវត្តមានលោក អ៊ុង វទ្ធី អភិបាលរងខេត្តព្រះវិហារ និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីក្រុមការងារជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះលោក អ៊ុង វុទ្ធី បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
ជាក់ស្តែងនៅក្នុងខេត្តព្រះវិហារ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានលោកទេសរដ្ឋមន្ត្រី មាស សុភា ជាប្រធានកិត្តិយស និងលោក ប្រាក់ សុវណ្ណ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចជាអនុសាខាកាកបាទក្រហមកម្ពុជាតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តព្រះវិហារ កន្លងមកក៏ដូចជាបច្ចុប្បន្ននេះ បានធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ ក្នុងទិសដៅជួយសម្រាលទុក្ខលំបាក ជួយសម្រាលការខ្វះខាតរបស់ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះផ្សេងៗបានជាច្រើនគ្រួសារផងដែរ។
យ៉ាងណាមិញថ្ងៃនេះ ប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅតបន់ដាច់ស្រយាល ក៏ទទួលបានអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាដែរ។ លោកបានបន្តថា អំណោយនេះទោះមិនបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនក៏ពិតមែន ប៉ុន្តែ វាជួយសម្រាលការលំបាកការខ្វះខាតរបស់បងប្អូនបានមួយគ្រាៗផងដែរ។
លោក អ៊ុង វុទ្ធី ក៏បានណែនាំឱ្យប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសុខភាព ថែរក្សាអនាម័យឱ្យបានល្អក្នុងការរស់នៅ ដើម្បីការពារពីជំងឺផ្សេងៗ។ ពិសេសត្រូវបន្តចូលរួមអនុវត្តឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការ «៣កុំ និង៣ការពារ» ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ ១៩។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូននៅពេលនេះដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូ មី១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរផងដែរ៕