(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានលើកឡើងថា ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ដែលបានខិតខំរួបរួមកម្លាំងសាមគ្គីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀតក្នុងមូលដ្ឋានខេត្ត ដូចជាគ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់ជាដើម។
ការវាយតម្លៃបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតី ពិធីប្រកាសក្រុមការងារកិត្តិយស សម្រាប់ពិគ្រោះ និងផ្ដល់យោបល់ ជូនក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង, ប្រធានកិត្តិយសនៃក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងសមាសភាពក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង តាមប្រព័ន្ធវីដេអូ Zoom។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង។
ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដអូនេះដែរ លោក ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងជាអភិបាលខេត្តបាត់ដំបង បានរាយការណ៍អំពីសភាពការណ៍ទូទៅថ្មីៗចុងក្រោយនៅក្នុងមូលដ្ឋានខេត្ត ពិសេសការអនុវត្តវិធានការបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មុននឹងអង្គពិធីបន្តស្ដាប់នូវការអានសេចក្ដីសម្រេចប្រកាសក្រមការងារកិត្តិយស សម្រាប់ពិគ្រោះ និងផ្ដល់យោបល់ជូនក្រុមការងារ អភិវឌ្ឍយុវជនខេត្តបាត់ដំបង ប្រធានកិត្តិយសនៃក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងសមាសភាពក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងមានការអត់ធ្មត់ខ្ពស់ ក្នុងការអនុវត្តវិធានការដាក់ចេញដោយរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេនៅក្នុងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ព្រមទាំងការអនុវត្តវិធានការទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយ និងវិធានការបន្តបន្ទាប់ទៀត។
សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការគាំទ្រ ចំពោះការប្ដេជ្ញាចិត្តរបស់លោក សុខ វាសនា ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង និងមានសេចក្ដីសង្ឃឹមជឿជាក់ថាលោករួមនឹងក្រុមការងារ ដែលបានប្រកាសសមាសភាពនៅថ្ងៃនេះនឹងបន្តខិតខំរួបរួមកម្លាំងសាមគ្គីគ្នាធ្វើឱ្យសម្រេចបានភារកិច្ចទៅតាមការប្ដេជ្ញាចិត្តទាំង ៥ចំណុច និងបានអំពាវនាវយុវជន និងសប្បុរសជននានា បន្តចូលរួមសហការ និងគាំទ្រជាវិភាគទានដល់ក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង ដើម្បីរួមចំណែកអភិវឌ្ឍយុវជន និងប្រទេសជាតិ។
សម្ដេចក្រឡាហោម ក៏បានក្រើនរំឭកក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ហើយជៀសឱ្យបានជាដាច់ខាតនូវការប្រព្រឹត្តសកម្មភាពមិនគប្បីទៅលើប្រជាពលរដ្ឋ ដោយសម្ដេចបានផ្ដល់ការប្រៀបធៀបថា ទាំងអំពើល្អ និងអំពើអាក្រក់ ប្រៀបបានទៅនឹងស្រមោលអន្ទោលតាមប្រាណ ពោលគឺប្រសិនណាបើយើងធ្វើអំពើល្អ នោះយើងនឹងជួបអំពើល្អច្រើននៅក្នុងជីវិត ប៉ុន្តែប្រសិនបើយើងប្រព្រឹត្តតែអំពើអាក្រក់មិនគប្បី នោះនឹងជៀសមិនផុតពីការជួបរឿងរ៉ាវមិនល្អជាក់ជាមិនខានឡើយ។
បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនទៀតទៅកាន់អ្នកពាក់ព័ន្ធនឹងការដំណើរឈានឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ ព្រមទាំងបានផ្ដល់ជូននូវទស្សនទានមួយចំនួនជុំវិញដំណើរការគ្រប់គ្រងការឆ្លងរីករាលជំងឺកូវីដ-១៩ នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ព្រមទាំងកិច្ចការនយោបាយមួយចំនួនទៀត៕