(ឧត្តរមានជ័យ)៖ ពលករម្នាក់ក្នុងចំណោមពលករ ១៥នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានគេពិនិត្យឃើញមានផ្ទុកជំងឺកូវីដ១៩។ ដោយឡែក ចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលចំនួន ១៤នាក់ទៀត ត្រូវបាននាំយកទៅធ្វើចត្តាឡីស័ក ហើយក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យនៅឯខេត្តសៀមរាប។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្ត ឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ពិតជាបានរកឃើញពលករម្នាក់ជាស្ត្រី ដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់កាលពីថ្ងៃម្សិលមិញ មានផ្ទុកជំងឺកូវីដ១៩ពិតប្រាកដមែន។
ឆ្លើយនឹងសំណួររបស់ភ្នាក់ងារព័ត៌មាន Fresh News ដែលបានសួរថា ធ្វើយ៉ាងណាទើបលោកដឹងថា ពលករខ្មែរនោះមានផ្ទុកជំងឺកូវីដ១៩? លោក ឃ្លោក ហួត ថ្លែងបញ្ជាក់ថា ក្រោយធ្វើតេស្ត លោកបានផ្ញើរទៅខេត្តសៀមរាប ហើយលទ្ធផលពីសៀមរាបប្រាប់មកវិញថា ពលករនោះពិតជាមានមេរោកគូវីដ១៩ ពិតប្រាកដមែន ហើយក្រុមការងាររបស់លោកក៏បានទៅពិនិត្យយកសំណាកអ្នកពាក់ព័ន្ធចំនួន១៤នាក់ទៀត យកទៅពិនិត្យថែមទៀត តែលទ្ធផលមិនទាន់ចេញទេ។
លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងបញ្ជាក់ថា ជាធម្មតាចំពោះពលករដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ បើនៅតាមបណ្តាលខេត្តផ្សេងៗ គឺយើងអត់យកសំណាកនោះទេ គឺយើងបញ្ជូនគាត់ទៅកាន់ខេត្តដែលគាត់រស់នៅតែម្តង ដោយធ្វើការពិនិត្យវាស់កំដៅ បាញ់អាល់កុលជាមុនផងដែរមុនអនុញ្ញាតឲ្យឡើងរថយន្ត។ ប៉ុន្តែបើពិនិត្យឃើញថា ពលករនោះមានរោគសញ្ញាណាមួយ ដោយអាការៈមិនស្រួលនោះ គឺយើងមិនអនុញ្ញាតឲ្យគាត់ឡើងរថយន្តទៅទេ។
ដោយឡែក ចំពោះពលករដែលរកឃើញមានផ្ទុកជំងឺកូវីដ១៩ គឺមានឈ្មោះ ស្រិល សុខខែន ភេទស្រី អាយុ២៩ឆ្នាំ រស់នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។
ក្នុងករណីនេះលោកប្រធានមន្ទីរសុខាភិបាល ក៏បានថ្លែងណែនាំបន្ថែមដល់មន្ត្រីដែលប្រចាំការនៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ត្រួតពិនិត្យឲ្យបានច្បាស់លាស់ចំពោះពលករទាំងអស់ បើមានការសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីកុំឲ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ តទៅទៀត៕