(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកឧត្តមសេនីយ៍ឯក កែវ ស៊ីម អមដំណើរដោយលោកឧត្តមសេនីយ៍ឯក សួន សុខរ៉ា តំណាងឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកស្បៀងអាហារ ដែលក្នុងនោះ មានអង្ករជាង១៥០តោន ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទូលរងគ្រោះ ឬប៉ះពាល់ធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-១៩ ពិសេសប្រជាពលរដ្ឋ ដែលបាននិងកំពុងរស់នៅក្នុងតំបន់ក្រហម។
ពិធីប្រគល់ និងទទួលស្បៀងអាហារខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោក វេង សាខុន និងលោកឧត្តមសេនីយ៍ឯក កែវ ស៊ីម និងលោកឧត្តមសេនីយ៍ឯក សួន សុខរ៉ា តំណាងឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង។
អំណោយដែលប្រគល់ជូន ដោយលោក វេង សាខុន មករដ្ឋបាលរាជធានីភ្នំពេញនេះ មានអង្ករចំនួន៧៨តោន ដែលអង្ករទាំងនេះ បានមកពីការជួយឧបត្ថម្ភ ពីរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ប្រគល់មកឲ្យកម្ពុជា។
ចំណែកលោកឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាងឲ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយមកប្រគល់ជូន សាលារាជធានីភ្នំពេញ រួមមាន អង្ករ៧៥តោន ត្រីខ ៣០០កេស ទឹកស៊ីអ៊ីវ ៣០០០យួរ ទឹកត្រី ៣០០០ យូនិងមី៦០០០កេសតូច ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬប៉ះពាល់ធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងតំបន់ក្រហម។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាងឲ្យនាយ ឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបាននាំយកស្បៀងអាហារទាំងនេះ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩នៅតំបន់ក្រហម។
កាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ឲ្យបានទាន់ពេលវេលា៕