(ភ្នំពេញ)៖ ដើម្បីសម្រេចផែនការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៥ចំណុច ដល់ក្រុមការងារចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅតំបន់ក្រហម ស្ថិតនៅក្នុងខណ្ឌទាំង៤ រួមមាន៖ ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌមានជ័យ, ខណ្ឌកំបូល និងខណ្ឌដង្កោ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ការផ្តល់អនុសាសន៍ទាំង ៥ចំណុចនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដែលរៀបចំឡើងនៅក្នុងទីតាំងមូលដ្ឋានកងទ័ព នៃកងពលតូចលេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ រាជធានីភ្នំពេញ។
អនុសាសន៍ទាំង ៥ចំណុចរបស់ សម្តេចរដ្ឋមន្ត្រីការពារជាតិរួមមាន៖
ទី១៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ត្រូវសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំផែនការលម្អិតកំណត់ចំនួនប្រជាពលរដ្ឋ និយោជិត អនិកជន និងជនបរទេសទាំងអស់នៅក្នុងខណ្ឌទាំង៤ ព្រមទាំងកំណត់ទីតាំង និងពេលវេលាចាក់វ៉ាក់សាំងឱ្យបានច្បាស់លាស់ ជៀសវាងមានភាពរអាក់រអួលក្នុងពេលដំណើរការជាក់ស្តែង។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ក្រុមការងារ ដើម្បីចុះចែកអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនគ្រួសារក្រីក្រីកំពុងរស់នៅក្នុងតំបន់ក្រហម។
ទី២៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ជំរុញរៀបចំក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងតាមខណ្ឌនីមួយៗ ដោយផ្តោតសំខាន់ក្នុងតំបន់ក្រហម ជាការងារអាទិភាព ចំណុចចាប់ផ្ដើមដែលត្រូវធ្វើឱ្យបានលឿនតាមដែលអាចធ្វើទៅបាន តាមបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ក្នុងករណីចាំបាច់ ត្រូវចាត់វិធានការបន្ទាន់បញ្ជូនក្រុមគ្រូពេទ្យអន្តរាគមន៍ជួយគាំទ្របន្ថែម ដើម្បីដំណើរការចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា តាមការគ្រោងទុក។
ទី៣៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងវីដ-១៩ រាជធានីភ្នំពេញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវចាត់មន្ត្រីសហការជាមួយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ តាមដានការងារទាំងមុនពេលដំណើការ ពេលដំណើរការ និងក្រោយពេលដំណើរការ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ដើម្បីជំរុញការចាក់វ៉ាក់សាំងនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
ទី៤៖ រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការផ្សព្វផ្សាយ អំពាវនាវជូនប្រជាពលរដ្ឋក្នុងខណ្ឌទាំង៤ ឱ្យបានជ្រួតជ្រាបពីនីតិវិធី ឯកសារពាក់ព័ន្ធ ពេលវេលា និងទីតាំងចាក់វ៉ាក់សាំង ដើម្បីចូលរួមអនុវត្ត «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ។
និងទី៥៖ ក្រុមគ្រូពេទ្យ ក្រុមបច្ចេកទេស និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្ត និងប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងតាមអនុសាសន៍ណែនាំសម្តេចតេជោ នាយករដ្ឋមន្ត្រី «៣ការពារ និង៣កុំ»។ ត្រូវអនុវត្តដោយហ្មត់ចត់នូវវិធានការសុខាភិបាល តាមវិជ្ជាជីវៈរបស់គ្រូពេទ្យ ធានាដំណើរការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ជៀសវាងនូវការចម្លងជំងឺកូវីដ១៩ នៅតាមទីតាំងកំពុងដំណើរការ៕