(សៀមរាប)៖ នារសៀលថ្ងៃទី៣០ ខែមេសានេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចឱ្យមន្ទីរពិសោធន៍វិជ្ជសាស្រ្ដ ប្រាសាទកែវ និងទីតាំងផ្ទះចំនួន១២ទៀត ដំណើរការ ចេញ-ចូលឡើងវិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន។

តាមការបញ្ជាក់ពីរដ្ឋបាលខេត្តសៀមរាប ទីតាំងខាងលើនេះ ត្រូវបានអាជ្ញាធរសម្រេចបិទជាបណ្ដោះអាសន្ន អំឡុងពាក់កណ្ដាលខែមេសា ខណៈពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។ អ្នកជំងឺទាំងនោះរួមមាន ឈ្មោះ អ៊ឹង ខៃលី ឈ្មោះ សរ សុវណ្ណារិទ្ធ ឈ្មោះ ជា គីម (១២ មេសា ២០២១) និងឈ្មោះ សួរ សារ៉ាន់ (១៣ មេសា ២០២១) ឈ្មោះ ចឿម ផល្លា(១៤ មេសា ២០២១) ឈ្មោះ ឡេង សុខខេង និងឈ្មោះ ឃាង លក្ខិណា (១៥ មេសា ២០២១)។

ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ និងវិធានចត្តាឡីស័ក បានធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញ នូវទីតាំងដែលបានបញ្ជាក់ខាងលើ។

បន្ថែមពីនេះ រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕