(កោះកុង)៖ លោក ប៊ុន លើត អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ បានដឹកនាំ អភិបាលរងខេត្ត មន្រ្តីក្រោមឱវាទតាមស្ថាប័ន និងកម្លាំងកងប្រដាប់អាវុធចូលរួមគោរពវិញ្ញាណក្ខន្ធ យោធិនដែលបានស្លាប់ដោយសារគ្រាប់មីន មិនទាន់ផ្ទុះនៅសម័យសង្គ្រាមក្នុងការដើរល្បាត នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដើម្បីការពារទឹកដីជូនជាតិមាតុភូមិ។
យោធិនដែលបានទទួលមរណភាព ដោយសារគ្រាប់មីននោះឈ្មោះ មែន សុជារិទ្ធ អាយុ៤៦ ឆ្នាំជាព្រិន្ទបាលឯករង ខ៣ កងអនុសេនាធំទី១វរសេនាតូចការពារព្រំដែនលេខ៣០៣ ដែលមានព្រំប្រទល់ជាប់ និងប្រទេសថៃរវាងខេត្តកោះកុង និងខេត្តត្រាតប្រទេសថៃ។ លោក រ៉ម មុនីសុផា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ៣០៣បានឲ្យដឹងថា លោក ម៉ែន សុជារិទ្ធ បានទទួលមរណភាពនៅវេលាម៉ោង១៤៖៥៥នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចអូរដើមខុស៣០៣ ក្នុងដំណើរល្បាតតាមបន្ទាត់ព្រំដែនកម្ពុជាថៃ។ លោកបាបន្តថា ករណីបានធ្វើឲ្យជនរងគ្រោះទទួលមរណភាពភ្លាមៗ នៅកន្លែងកើតហេតុ ដោយខាងមិត្តភក្តិទាំងអស់រួមដំណើរព្យាយាមដែរ តែមិនអាចជួយបានដោយសារជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក។
លោក ប៊ុន លើត ក៏បានពាំនាំថវិកាផ្ទាល់ខ្លួន និងមានការឧបត្ថម្ភពីបណ្តាអង្គភាព ជាច្រើនទៀតជួយឧបត្ថម្ភដល់គ្រួសារសព និងធ្វើការគោរពវិញ្ញាណក្ខន្ធ ដល់យុវជនដ៏អង្គអាចក្លាហានរបស់កម្ពុជាយើងផងដែរ៕