(ភ្នំពេញ)៖ ដោយកម្លាំងសទ្ធាដ៏ជ្រះថ្លា និងដើម្បីចូលរួមដោះស្រាយការខ្វះខាតរបស់ព្រះសង្ឃនៅតាមទីអារាមនានា ក្នុងកំលុងនៃការរាតត្បាតជំងឺកូវីដ១៩នោះ មហាឧបាសក លឹម ឈុន និងមហាឧបាសិកា ចាយ គង់ បានប្រគេនទេយ្យទានជាស្បៀងអាហារ និងភេសជ្ជៈ ប្រគេនទៅកាន់ទីអារាមចំនួន ៧៣វត្តក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ផ្សេងទៀត។
យោងតាមក្រុមការងារ បានឱ្យដឹងថា ដោយសារជំងឺកូវីដ-១៩ កំពុងញាំញីធ្វើឱ្យស្ថានភាពមានការប្រែប្រួលស្ទើលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានរងផលប៉ះពាល់ជាអវិជ្ជមាន ដោយជួបការខ្វះចង្ហាន់ផងដែរ។
ក្រុមការងារបន្តថា ដោយមើលឃើញពីផលលំបាករបស់ព្រះសង្ឃនៅតាមទីអារាមបែបនេះហើយ ទើបលោកឧកញ៉ា អុឹង ប៊ុនហ៊ូវ លោកស្រី ហេង សុខា និងបុត្រាបុត្រី ព្រមទាំងមានការចូលរួមចំណែកពីឧកញ៉ា ហ៊ុន ឡាក់ និងលោកស្រី ងួន ផល្លី បានរួមគ្នាជូនអង្ករចំនួន ៧០តោន និងទេយ្យវត្ថុផ្សេងទៀតសរុបជាថវិកាជាង ៥០.០០០ដុល្លារ ដល់មហាឧបាសក លឹម ឈុន និងមហាឧបាសិកា ចាយ គង់ ដើម្បីយកទៅប្រគេនព្រះសង្ឃនៅតាមទីអារាម។
ទេយ្យទានជាស្បៀងអាហារ ភេសជ្ជៈ និងបច្ច័យជាសទ្ធារបស់មហាឧបាសក លឹម ឈុន និងមហាឧបាសិកា ចាយ គង់ ត្រូវបានក្រុមការងារយកទៅប្រគេនព្រះសង្ឃរួចរាល់ហើយ ដែលកំពុងគង់នៅវត្តចំនួន៧៣ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល កំពង់ឆ្នាំង បាត់ដំបង ខេត្តសៀមរាប។
ទេយ្យទានដែលបានប្រគេនព្រះសង្ឃនោះក្នុងមួយវត្តទទួលបាន៖ អង្ករ ១តោន, ទឹកស្ព្រីងធម្មជាតិប្រូវីដា ៥កេស, ត្រីខ ២កេសធំ, មីម៉ាម៉ា ១កេសធំ និងតែ ២កញ្ចប់ធំ៕