(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ទើបនឹងរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់បន្ថែមទៀត។ រដ្ឋបាលខេត្ត បានសម្រេចបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ទាំង ១៥នាក់នេះ ដើម្បីបង្កភាពងាយស្រួលដល់អ្នកពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ត្រូវធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។
រដ្ឋបាលខេត្ត បានគូសបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្ត-សៀមរាប កំពុងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១៥រូបខាងលើ។ ជាលទ្ធផលការសន្និដ្ឋានបឋមនៃករណីទាំង១៥នេះ គឺមាន ១៣ករណី ជាការឆ្លងមកពីក្រៅខេត្ត និង ២ករណីជាការឆ្លងក្នុងសហគមន៍ក្នុងខេត្តសៀមរាប។
លើសពីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងដាក់ចេញនូវវិធានការទប់ស្កាត់នៃការឆ្លងរាលជំងឺកូវីដ-១៩ ជាជំហានៗ ទៅតាមលទ្ធផលនៃការស្រាវជ្រាវនឹងទទួលបានជាបន្តបន្ទាប់ ហើយរដ្ឋបាលខេត្ត នឹងចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ជូននាពេលខាងមុខ។
រដ្ឋបាលខេត្តសៀមរាប អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ «៣ការពារ ៣កុំ» និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើសនឹងវិធានការនេះ នឹងប្រឈមទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
រដ្ឋបាលខេត្តសៀមរាប ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកកើតជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន ៣៦នាក់ហើយ។ ក្នុងនោះអ្នកជំងឺចំនួន ១២នាក់ បានព្យាបាលជាសះស្បើយ។
ខាងក្រោមនេះ គឺជាអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង១៥នាក់ ដែលបង្ហាញដោយរដ្ឋបាលខេត្តសៀមរាប៖