(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១៥នាក់ទៀត សុទ្ធសឹងជាករណីនាំចូលពីខេត្តផ្សេង។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានប្រាប់ Fresh News នៅយប់ថ្ងៃទី២៩ ខែមេសា នេះថា អ្នកជំងឺទាំងនេះ ជាអ្នកធ្វើដំណើរពីខេត្តព្រះសីហនុ កំពង់ធំ ព្រៃវែង និងរាជធានីភ្នំពេញជាដើម។ បើតាមលោក ក្រុស សារ៉ាត់ ក្នុងកំលុងពេលរាជរដ្ឋាភិបាល បើកឱ្យធ្វើដំណើរឆ្លងខេត្តឡើងវិញនេះ មានពលរដ្ឋមួយចំនួន បានធ្វើដំណើរចូលទៅខេត្តសៀមរាប។
ដោយសារតែខេត្តសៀមរាប បានដាក់កន្លែងត្រួតពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋនៅព្រំប្រទល់ជាមួយខេត្តកំពង់ធំនោះ ក៏បានសាកសួរព័ត៌មានពួកគេ។ ដោយឃើញថា អ្នកដំណើរទាំងនោះ សុទ្ធតែធ្វើដំណើរទៅពីខេត្តមានហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩ អាជ្ញាធរ ក៏បានយកពួកគេទៅធ្វើតេស្តសុខភាព និងតម្រូវឱ្យធ្វើចត្តាឡីស័កជាដើម។
លោក ក្រុស សារ៉ាត់ បានបញ្ជាក់ថា មានដំណើរជាច្រើនត្រូវបានធ្វើតេស្ត និងតម្រូវឱ្យធ្វើចត្តាឡីស័ក ហើយត្រឹមម៉ោង៨យប់ថ្ងៃទី២៩ ខែមេសា រកឃើញមានអ្នកវិជ្ជមាន ១៥នាក់។
បើតាមលោកប្រធានមន្ទីរសុខាភិបាលរូបនេះ បានឱ្យដឹងថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង១៥នាក់ ភាគច្រើនជាសាច់ញាតិ និងក្រុមគ្រួសារនឹងគ្នា។ ក្នុងនោះមានក្មេងតូចអាយុ១១ខែផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ២១នាក់រួចមកហើយ។ ក្នុងនោះអ្នកជំងឺម្នាក់ទើបនឹងរកឃើញនៅថ្ងៃទី២៨ ខែមេសា ជាអ្នកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
រដ្ឋបាលខេត្ត បានសម្រេចបិទខ្ទប់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងយកអ្នកពាក់ព័ន្ធជាច្រើនរូបទៅធ្វើតេស្ត និងតម្រូវឱ្យធ្វើចត្តាឡីស័ក៕