(ស្ទឹងត្រែង)៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជាផ្ទាល់ពីសំណាក់មេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ អៀង វ៉ាន់ឌី នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនជួញដូរម្នាក់យ៉ាងសកម្ម និងដកហូតបានថ្នាំចំនួន១០កញ្ចប់ ស្មើនឹង២០២០ គ្រាប់។ ប្រតិបត្តិការតាមបង្ក្រាប មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់នេះ បានធ្វើងនៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ បន្ទាប់ពីស្រាវជ្រាវតាមជំនាញរបស់ខ្លួនរួចមក។
មេបញ្ជាការអាវុធហត្ថ ខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ អៀង វ៉ាន់ឌី បានថ្លែងប្រាប់ Fresh Newsថា «តាមបទបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លើការបង្ក្រាបករណីគ្រឿងញៀន នៅតាមមូលដ្ឋានោះ កម្លាំងរបស់យើងបានធ្វើការស្រាវជ្រាវ ជាបន្តបន្ទាប់រហូតតាមបង្ក្រាប ជនសង្ស័យម្នាក់ ដែលកំពុងធ្វើសកម្មភាពជាក់ស្តែងតែម្តង»។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនសង្ស័យរូបនេះមានឈ្មោះ ខៀត ភិត អាយុ៣៣ឆ្នាំ រស់នៅភូមិកណ្តាល ឃុំព្រះរំកិល។ ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានយកទៅសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តដើម្បីចាត់ការតាមច្បាប់៕