(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បាននាំអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកប្រគល់ជូនប្រជាពលរដ្ឋចំនួន២៣០គ្រួសារ រស់នៅក្នុងតំបន់បិតខ្ទប់ចំនួន ៣ភូមិ គឺភូមិក្បាលស្ពាន១ ភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិច ក្នុងក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយជីវភាពបណ្ដោះអាសន្នក្នុងក្នុងវិធានការបិទខ្ទប់ដើម្បីការពារទប់ស្កាត់ជំងឺកូវីដ-១៩។
អំណោយទាំងនេះ ត្រូវបានចែកជូនប្រជាពលរដ្ឋទាំង២៣០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាមមី ១កេសទឹកស៊ីអ៉ីវ ៣ដប ផងដែរ។
ក្នុងឱកាសនោះលោកអភិបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» បន្ថែមពីនេះ ប្រសិនបើមិនចាំបាច់សូមប្រជាពលរដ្ឋកុំចេញក្រៅផ្ទះឱ្យសោះ៕