(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តីដាំកូនឈើ និងផ្កាចម្រុះពណ៌នៅជំវិញបរិវេណសាលាខេត្តឧត្ដរមានជ័យ និងនៅក្នុងបឹងស្នោរ។
លោកអភិបាលខេត្តបានថ្លែងឲ្យដឹងថា ការរៀបចំឲ្យមានជាសួនផ្កាចម្រុះពណ៌ ការដាំកូនឈើទាំងអស់នេះ គឺដើម្បីលម្អបរិស្ថាន សោភ័ណភាព ក្នុងន័យរៀបចំថែរក្សា ការពារអភិរក្ស ជាពិសេសកូនឈើដែលដាំនៅក្នុងបឹងស្នោរ នាពេលនេះគឺជាជម្រកសត្វស្លាបគ្រប់ប្រភេទផងដែរ។
បច្ចុប្បន្នបរិវេណមុខសាលាខេត្តឧត្ដរមានជ័យ បានចាប់ផ្តើមប្រែមុខមាត់ថ្មីជាបណ្ដើរៗ ស័ក្ដិសមជារមណីយដ្ឋានដែលមានភាពទាក់ទាញ ដោយបងប្អូនប្រជាពលរដ្ឋ អាចឃើញនូវទស្សនីយភាពថ្មី ប្លែកភ្នែក ពេលមកដល់ទីរួមខេត្ត។
លោកអភិបាលខេត្តក៏បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបានមកលេងកំសាន្តនៅមុខសាលាខេត្តជុំវិញបឹងស្នោរ សូមចូលរួមថែរក្សាការពារកូនឈើនិងដើមផ្កាគ្រប់ប្រភេទ ប្រយោជន៍ដើម្បីឲ្យឆាប់ដុះលូតលាស់ល្អ។
សូមបញ្ជាក់ថា កូនឈើ និងផ្កាចម្រុះពណ៌ដែលបានដាក់ដាំនៅក្នុងបរិវេណសាលាខេត្ត សួនច្បារ និងក្នុងបឹងស្នោរទាំងអស់នេះមានដូចជា ដើមនាងនួន ដើមធ្នុង ផ្កាត្របែកព្រៃ ផ្កាក្រង៉ោក ដើមរំដួល ដើមរាំង ផ្កាម៉ោងដប់ និងដើមឈើជាច្រើនទៀតផងដែរ៕