(ភ្នំពេញ)៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៧៨០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទន្លេបាសាក់, សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ដែលភាគច្រើនជាអ្នកស្នាក់នៅតាមបន្ទប់ជួល ផ្ទះជួល ដែលត្រូវបានបិទខ្ទប់ មិនអាចចេញទៅធ្វើការបាន និងកំពុងជួបការលំបាកខ្វះខាតជីវភាព បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក អភិបាលរាជធានីភ្នំពេញ និងដឹកនាំចែកជូនដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន, លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ លោកចៅសង្កាត់ទាំង៣ និងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
ក្នុងឱកាសនេះ លោក ថេង សុថុល បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនបងប្អូន ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ជាពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានលើកឡើងទាក់ទងនឹងក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលជាជាវិធានការមួយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ១៩ នៅក្នុងមូល ដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍២០កុម្ភៈ។ ដូច្នេះក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវទាមទាឲ្យមានការ ចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះ វិលមករកស្ថានភាពធម្មតាវិញ។
ដោយសារតែក្នុងពេលនេះជារដូវក្ដៅ ដូច្នេះលោក ថេង សុថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តា ប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណាពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ។
បើតាមលោកនាយករដ្ឋបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ១បាវ ទំងន់ ២៥គីឡូក្រាម -មី ០១កេស -ទឹកត្រី ០១យួរ -ទឹកស៊ីអ៉ីវ ០១យួរ និងត្រីខ ០១យួរ៕