(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) អមដំណើរដោយមេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ រួមទាំងបណ្តាមេបញ្ជាការតាមជំនាញពាក់ព័ន្ធ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញពិនិត្យ ទីតាំងសំរាប់ធ្វើយុទ្ធនាការជាតិចាក់វ៉ាក់សាំង នៅតំបន់ក្រហម។

តំបន់ក្រហម ដែលនាយឧត្តមសេនីយ៍ ម៉ក់សារុន និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ចុះពិនិត្យទីតាំង សម្រាប់ធ្វើយុទ្ធនាការជាតិចាក់វ៉ាក់សាំង ក្នុងនោះ រួមមាន៖

*ខណ្ឌមានជ័យ
១៖ សាលាបឋមសិក្សាស្ទឹងមានជ័យ (សង្កាត់ស្ទឹងមានជ័យ២)
២៖ សាលាបឋមសិក្សាសឡា (សង្កាត់ស្ទឹងមានជ័យ១)
៣៖ ផ្សារបុរីលឹមឈាងហាក់ (សង្កាត់ស្ទឹងមានជ័យ៣)

*ខណ្ឌពោធិ៍សែនជ័យ
១៖ សាលាបឋមសិក្សាគោកបញ្ជាន់ (សង្កាត់ចោមចៅ២)
២៖ រោងចក្រសាន់តិច SUNTEX (សង្កាត់ចោមចៅ១)
៣៖ ទីបញ្ជាការកងពល (សង្កាត់ចោមចៅ៣)។

សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម នឹងចាប់បើកយុទ្ធនាការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ៕