(ភ្នំពេញ)៖ ដោយមានមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ លោក អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បាននាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា និងលោកស្រី ប្រគល់ជូនអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ សម្រាប់ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កចំនួន ១ពាន់គ្រួសារ នៅវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ លោក អ៊ុ សារឹទ្ធ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ប្រកបដោយក្តីនឹករលឹក និងបានសំណូមពរដល់អាជ្ញាធរឲ្យអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេច ស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ។

សូមបញ្ជាក់ថា អំណោយទាំងអស់នោះរួមាន៖ អង្ករចំនួន២០តោន, ទឹកសុទ្ធ ១,០០០កេស និងឃីតចំនួន ១,០០០ឃីន ដោយក្នុង០១ឃីតមាន៖ មី០១កេស ត្រីខកំប៉ុង ១២កំប៉ុង ទឹកផ្លែឈើ១២កំប៉ុង ស្ករស០១គីឡូក្រាម ទឹកត្រី ០១ដប ទឹកស៊ីអ៊ីវ០១ដប នំ០១ប្រអប់ សាប៊ូកក់សក់០១ដប សាប៊ូម្សៅ០១កញ្ចប់ ម៉ាស ០១ប្រអប់ ច្រាសដុសធ្មេញ០១ដើម ថ្នាំដុសធ្មេញ ០១ប្រអប់ ក្រដាសអនាម័យ០១ប្រអប់ និងធុងជ័រធំ០១ធុង៕