(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៨៨០នាក់ថែមទៀត ដែលភាគច្រើនបំផុតជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន២៨៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៨៨០នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៥១៨នាក់, ខេត្តព្រះសីហនុ ១៨៧នាក់, ខេត្តកណ្តាល ៧៣នាក់, ខេត្តកំពង់ចាម ៣៩នាក់, ខេត្តបន្ទាយមានជ័យ ៣៦នាក់, ខេត្តកំពង់ស្ពឺ ៩នាក់, ខេត្តតាកែវ ៥នាក់, ខេត្តកំពង់ឆ្នាំង ៣នាក់, ខេត្តកំពង់ធំ ៤នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តកោះកុង ១នាក់, ខេត្តសៀមរាប ១នាក់ និងខេត្តត្បូងឃ្មុំ ១នាក់។
សម្រាប់អ្នកជាសះស្បើយទាំង ២៨៨នាក់វិញ ក្នុងនោះមានម្នាក់ជាពលករមកពីប្រទេសថៃ និង ២៨៧នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៣,៦៤១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១២,០៩០នាក់, អ្នកជាសះស្បើយចំនួន ៤,៩៨៦នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៧,៥៥៧នាក់, អ្នកស្លាប់ចំនួន ៩១នាក់ និងអ្នកជំងឺកូវីដ១៩ ស្លាប់ដោយជំងឺផ្សេងមានចំនួន ៧នាក់៕
*** សូមតាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News ពាក់ព័ន្ធដំណឹងភ្លាមៗពីស្ថានភាព Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល!
App: http://onelink.to/freshnews
Join US: https://t.me/freshnewsasia