(កណ្ដាល)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចែកអំណោយកញ្ចប់អាហារសម្រាប់បួស ខែរ៉ាម៉ាឌនជូនប្រជាពលរដ្ឋសរុប៥០០គ្រួសារ នៅក្រុងតាខ្មៅ និងស្រុកកោះធំ ខេត្តកណ្ដាល។
ពិធីចែកអំណោយនេះ ត្រូវបានធ្វើឡើងនៅ២ទីតាំងផ្សេងគ្នា ដោយចែកជូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន៣០០គ្រួសារ ដោយមានតំណាងមកទទួល ចំនួន៣០គ្រួសារ ស្ថិតក្នុងភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ និងចំនួន២០០គ្រួសារ ដោយមានតំណាងមកទទួលចំនួន៣០នាក់ ស្ថិតក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ ពីប្រមុខរាជរដ្ឋាភិបាលក្នុងការបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈនេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។
ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេច ស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់ការឆ្លង នៃព្រឹត្តិការណ៍ ២០កុម្ភៈ។
អំណោយទាំងនេះទទួលបានពី អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម ស្ករស២គីឡូក្រាម ទឹកដោះគោខាប់៥កំប៉ុង និងប្រេងឆា២លីត្រ។
គូរបញ្ជាក់ថា នាឆ្នាំ២០២១នេះ អង្គការសម្ព័ន្ធពិភពឥស្លាម បានផ្តល់កញ្ចប់អាហារស្រាយបួសដល់សាសនិកឥស្លាមកម្ពុជាសរុបចំនួន ២១៣០កញ្ចប់ ដែលនឹងធ្វើការចែកជូនដល់សាសនិកឥស្លាមជាបន្តបន្ទាប់៕