(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការច្បាប់ លើប្រជាពលរដ្ឋណា ដែលកំពុងរស់នៅក្នុងតំបន់ក្រហម ដែលបានគេចវេះមិនមកយកសំណាក និងអ្នកដែលលាក់កំបាំង ឬសម្របសម្រួល ដល់អ្នកគេចវេសទាំងនេះ បន្ទាប់ពីក្រុមការងារខេត្ត បានស្រង់ស្ថិតិរួចរាល់ និងកំណត់ពេលវេលាឲ្យទៅយកសំណាករួចរាល់។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះថា បុគ្គលណា ដែលមិនចូលរួមសហការ និងគេចវេះមិនមកយកសំណាក ទៅតាមបញ្ជីឈ្មោះ និងពេលវេលាដែលបានកំណត់ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ដោយគ្មានការលើកលែង។

យោងតាមរបាយការណ៍ របស់ក្រុមការងារស្រង់ស្ថិតិប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហមដែលត្រូវយកសំណាក បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មានប្រជាពលរដ្ឋរស់នៅក្រុមទី១ ដល់ក្រុមទី១៥ សរុបមានចំនួន៣៧០គ្រួសារ ស្មើនឹង១៧០២នាក់ ក្នុងនោះ អ្នកដែលអវត្តមាន មិនបានមកយកសំណាកមានចំនួន៧០នាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បន្ទាប់ពីជំងឺកំពុងកំរើកឡើងវិញខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ការបិទខ្ទប់នេះ ចាប់ពីថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា។ ក្នុងកំលុងពេលបិទខ្ទប់នេះ រដ្ឋបាលខេត្តហាមឃាត់ការធ្វើដំណើរ និងការចេញពីលំនៅឋាន លើកលែងតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។ ការធ្វើអាជីវកម្មនានា ក៏ត្រូវបានហាមឃាត់ផងដែរ លើកលែងតែអាជីវកម្មចាំបាច់នឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាសេវាសុខាភិបាល និងការផ្គត់ផ្គង់ស្បៀងអាហារប៉ុណ្ណោះ៕