(សៀមរាប)៖ កម្រាលថ្មភក់ប្រវែង ៩០ ម៉ែត្រ ដែលជាស្រទាប់ខាងលើនៃស្ពានហាលប្រាសាទអង្គរវត្តសម្រាប់ដើរ នឹងរៀបរួចរាល់នាពេលខាងមុខដ៏ខ្លី។
លោក សយ ច័ន្ទនោឫទ្ធិ ស្ថាបត្យករ បាននិយាយថាមកដល់បច្ចុប្បន្ននេះ ការងារពង្រឹងគ្រឹះសម្រេចបានស្ទើរ ១០០ ភាគរយ។ រីឯការងាររៀបចំកម្រាលផ្លូវដើរទៅភ្ជាប់នឹងកម្រាល ដែលខាងសាកលវិទ្យាល័យសូហ្វីយ៉ា ជួសជុលរួចរាល់នោះ សម្រេចបាន ៩០ ភាគរយហើយ។ ក្រៅពីនេះ ក្រុមការងារកំពុងបន្តការងារពង្រឹងគ្រឹះផ្នែកខាងក្នុង និងខាងក្រៅនៃស្ពានហាល និងកំពុងបន្តស្រាវជ្រាវនៅផ្នែកកំពង់ទឹក។
គួរបញ្ជាក់ថា ស្ពានហាលខាងលិចអង្គរវត្ត បានចាប់ផ្តើមដំណើរការជួសជុល នៅពាក់កណ្ដាលឆ្នាំ២០១៦ ស្ថិតក្នុងជំហានទី២ នៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ កន្លងមក ស្ពានហាលប្រាសាទអង្គរវត្ត ត្រូវបានជួសជុលបានប្រវែង ១០០ ម៉ែត្រ ដែលអនុវត្តក្នុងជំហានទី១ នៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៧៕