(ភ្នំពេញ)៖ អង្ករ១៦តោន ត្រូវបានថា្នក់ដឹកនាំ និងសមាជិក សមាជិកា ប៊ី អិន អាយ កម្ពុជា (BNI Cambodia) ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬប៉ះពាល់ធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-១៩។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ប៊ី អិន អាយ កម្ពុជា (BNI Cambodia) ដែលបានឧបត្ថម្ភ អង្ករចំនួន១៦តោននេះ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩(Covid-19)។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននិងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)៕