(ភ្នំពេញ)៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភស្បៀងអាហារ ដែលស្មើនឹងទឹកប្រាក់ ១០០,០០០ដុល្លារ ដល់សាលារាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ពីការផ្ទុះឡើង នៃជំងឺកូវីដ-១៩។
ដើម្បីទប់ស្កាត់ការកើនឡើង នៃករណីជំងឺកូវីដ-១៩ រាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យសិ្ថតក្នុងស្ថានភាពបិទខ្ទប់ កាលពីថ្ងៃទី១៥ ខែមេសា ហើយតំបន់ដែលមានហានិភ័យ ខ្ពស់ជាច្រើន ត្រូវបានកំណត់ជាតំបន់ក្រហម។ ពលរដ្ឋក្នុងតំបន់ក្រហម មិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែអាចលើកលែងចំពោះករណីចាំបាច់បំផុតមួយចំនួន។
ផ្សារមិនរៀបរយទាំងអស់ ត្រូវបានបិទដើម្បីជួយទប់ស្កាត់ការកើនឡើងយ៉ាងឆាប់រហ័ស នៃករណីជំងឺកូវីដ-១៩ផងដែរ។ គ្រួសារនីមួយៗ ទទួលបានអង្ករ ២៥ គីឡូក្រាម មី៣០ កញ្ចប់ ត្រីខ១០ កំប៉ុង ទឹកត្រី៦ ដប និងទឹកស៊ីអ៊ីវ៦ ដប។ ស្បៀងអាហារដែលត្រូវបានឧបត្ថម្ភ នឹងអាចផ្គត់ផ្គង់ ៣,៥០០គ្រួសារនៅតំបន់ ដែលរងផលប៉ះពាល់ខ្លាំង។
ពិធីប្រគល់ និងទទួលស្បៀងអាហារនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងលោក សេង វណ្ណៈ នាយករដ្ឋបាល នៃសាលារាជធានីភ្នំពេញ ព្រមទាំងវត្តមានរបស់លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Cherchi Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Mike Ngai នាយកប្រតិបត្តិផ្នែកប្រតិបត្តិការ និងទីផ្សារ និងលោក Sean Tan នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ។
លោក Pern Chen បានឲ្យដឹងថា «ណាហ្គាវើលដ៍បេះដូងសប្បុរស ប្តេជ្ញាចិត្តពេញទំហឹងដើម្បីជួយដល់សហគមន៍។ វាជាទំនួលខុសត្រូវរបស់យើង ដែលត្រូវជួយដល់សហគមន៍នៅពេលពួកគេត្រូវការជំនួយ។ ការកើនឡើងនៃករណីឆ្លងនាពេលបច្ចុប្បន្ន ទាមទារជាចាំបាច់ឲ្យមានការបិទខ្ទប់ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ យើងនឹងធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជួយសហគមន៍នៅកន្លែងដែលយើងអាចជួយបាន»។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងថា «ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា Tan Sri Dr. CHEN LIP KEONG ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានឧបត្ថម្ភអង្ករ ចំនួន ៨៧,៥០០គីឡូក្រាម ត្រីខ ចំនួន៣៥,០០០កំប៉ុង, មី១០៥,០០០កញ្ចប់, ទឹកត្រី២១,០០០ដប និងទឹកស៊ីអ៊ីវ ចំនួន២១,០០០ ដប ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រឡាញ់ចំពោះជនរួមជាតិ ដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយក្នុង ស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩។ ដោយមានការជួយពីមន្ត្រីសាលាក្រុង កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ស្បៀងអាហារទាំងនេះ នឹងត្រូវយកទៅចែកជូន ឲ្យបានលឿនបំផុតដល់គ្រួសារ ដែលកំពុងត្រូវការជំនួយបំផុត នៅក្នុងតំបន់បិទខ្ទប់។
គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភជាច្រើនផងដែរ ដល់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញ ដែលរួមមាន ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ធ្វើតេស្តរកមេរោគ និងបរិក្ខារបង្ការ ដូចជា ម៉ាស់មុខ ជែលលាងដៃ និងឧបករណ៍វាស់កម្តៅ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការឧបត្ថម្ភសរុបដល់សាលារាជធានីភ្នំពេញកន្លងមក មានចំនួនប្រមាណ ២១៨,០០០ដុល្លារ៕