(ភ្នំពេញ)៖ មន្ត្រីយោធាថ្នាក់ផ្កាយ១ម្នាក់ ត្រូវបានកំលាំងអាវុធហត្ថខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគេធ្វើសកម្មភាព បាញ់១គ្រាប់ភ្ជុចដី គំរាមបុរសម្នាក់ ដោយសង្ស័យថា ជាចោរចូលលួចអីវ៉ាន់ក្នុងផ្ទះខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ពីវេលាម៉ោង២១៖៣០នាទី យប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកទាល់ ក្រុម០៦ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្ត្រីអាវុធហត្ថឲ្យដឹងថា បុរសជាជនបង្កមានឈ្មោះ ប៊ុត សំណាង អាយុ៥១ឆ្នាំ មុខរបរជាយោធា ឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី ។
យោងតាមការរៀបរាប់របស់ បុរសជាជនបង្ក បានឲ្យដឹងថា ដំបូងឡើយនៅវេលាកើតហេតុ គាត់បានលឺសម្លេងចេញពីរបងផ្ទះរបស់ ដោយគាត់សង្ស័យថា មានចោរចូលផ្ទះ។
ភ្លាមៗ រូបគាត់បានទាញកាំភ្លើងមួយដើមម៉ាកK59 លេខ៨៥៩៦ ស្ទុះចេញមកក្រៅដើម្បីតទល់ជាមួយចោរ ។ ប៉ុន្តែខណះចេញមកក្រៅ គាត់ពុំបានឃើញអ្វីឡើយ តែបែរជាលឺសម្លេងឆ្កែព្រូសក្បែររបងផ្ទះ ក៏ស្ទុះរត់ទៅមើល ស្រាប់បុរសម្នាក់នៅក្បែរនេាះត្រូវឆ្កែកំពុងត្រូវឆ្កែព្រូស ។ ឃើញដូចនេះបុរសជាជនបង្ក ក៏បានបាញ់ភ្ជុចទៅនឹងដីគំរាម បុរសដែលត្រូវឆ្កែព្រូស ដោយស្មានថាជាចោរដែលចូលផ្ទះរបស់ខ្លួន ។ ភ្លាមៗនោះជនរងគ្រោះដោយសភាពភ័យស្លន់ស្លោរពេក ក៏បានព្យាយាមរត់យករួចខ្លួន រួចទៅប្តឹងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះអន្តរាគមន៍ឃាត់ខ្លួនយកទៅ ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញវិញភ្លាមៗ ដើម្បីធ្វើការសាកសួរនាំបន្ថែម។
សូមបញ្ជាក់ថា ជនរងគ្រោះដែលត្រូវលោកយោធាផ្កាយ១ យល់ច្រលំថា ជាចោរចូលផ្ទះមានឈ្មោះ ហ៊ុក សេងម៉េងលី អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៦៥A ក្រុម០៦ ភូមិកើតហេតុខាងលើ។ ក្នុងករណីដដែលនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងប្តឹងទាមទារថ្លៃសំណងជម្ងឺចិត្តពីបុរសជាជនបង្ក ប៉ុន្តែការចចារនេះយ៉ាងណានោះពុំត្រូវបានទម្លាយឲ្យដឹងទេ ព្រោះមានការលាក់លៀម៕