(កំពង់ឆ្នាំង)៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋមួយចំនួន ដែលជាប់ពាក់ព័ន្ធជាមួយនឹងអ្នកមាន វិជ្ជមានកូវីដ-១៩ នៅក្នុងស្រុកកំពង់ត្រឡាច ហើយពួកគាត់កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងមានជីវភាពខ្វះខាត នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក នន ស៉ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បាននាំយកអំណោយដែលបានមកពីសប្បុរស ជនទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ៩គ្រួសារនៅឃុំអូរឬស្សី និងឃុំថ្មឥត។

លោកវរសេនីយ៍ឯក នន ស៉ីណាត បានបញ្ជាក់ឲ្យដឹងថា សកម្មភាពនេះ ធ្វើឡើងដោយអនុវត្តតាមមតិដឹកនាំ របស់លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយឲ្យធ្វើការកៀរគររកការឧបត្ថម្ភពីសប្បុរសជន ដើម្បីជួយដល់គ្រួសារក្រីក្រ ដែលកំពុងជួបការលំបាក និងកំពុងខ្វះខាតអំឡុងពេលដែលពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះ។

ជាក់ស្ដែងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក បានចាត់តំណាងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋនៅឃុំអូរឫស្សី៤គ្រួសារ និងឃុំថ្មឥដ្ឋ៥គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ដោយក្នុងមួយគ្រួសារទទួលបានអង្ក ២៥គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ដោះស្រាយជីវភាព នៅក្នុងអំឡុងពេលនៃការដាក់ ខ្លួនដាច់ដោយឡែកមួយរយៈនេះ។

លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា លោកនឹងបន្តកៀរគររកសប្បុរសជន ទោះតិចក្តីច្រើនក្តីដើម្បីយកមកចែកជូនដល់ប្រជាពលរដ្ឋដទៃទៀតដែលបានជាប់ពាក់ ព័ន្ធជាមួយនឹងអ្នកផ្ទុកមេរោគកូវីដ-១៩ ហើយកំពុងជួបការលំបាកផងដែរ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅតាមផ្ទះ។

ឆ្លៀតឱកាសនេះលោកអធិការបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលលោកជាម្ចាស់ទាន មានចិត្តសប្បុរសធម៌ជួយរំលែកនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរដែលមានជីវភាពខ្វះខាត ដោយកំពុងជាប់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ៕