(សេអ៊ូល)៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េត្បូង នៅថ្ងៃអង្គានេះ បានប្រកាសនឹងដាក់ទណ្ឌកម្មជាឯកតោភាគី បន្ថែមពីលើទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ (UN) ដល់កូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ និងការបាញ់សាកល្បងនុយក្លេអែរ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី០៨ ខែមីនា។
នៅក្នុងសេចក្ដីប្រកាស កូរ៉េខាងត្បូង ក៏បានស្នើដល់ពិភពលោក ធ្វើពហិការ កុំចូលទទួលអាហារនៅក្នុងភោជនីយដ្ឋាន របស់ដែលមានម្ចាស់ជាជនជាតិកូរ៉េខាងជើង នៅបរទេស ដែលសរុបទាំងអស់មានប្រមាណ ១៣០កន្លែង និង១២ប្រទេស ដែលរកចំណូលបានប្រចាំឆ្នាំ ១០លានដុល្លារអាមេរិក ដើម្បីឲ្យពួកគេដឹងថា ទង្វើរបស់ពួកដឹកនាំពួកគេ បានជះផលអាក្រក់ ដល់ពួកគេ។
គួរបញ្ជាក់ផងដែរថា ការបាញ់សាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាបន្តបន្ទាប់ ត្រូវបានគេចាត់ទុកថា ជាសកម្មភាពដ៏គក្លើន ប្រឆាំងនឹងការបំរាមរបស់ UN ហើយថ្មីៗនេះ UN ក៏បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀត៕