(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសេចក្ដីជូនដំណឹងស្ដីពីការ បន្ដផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ដ្រខេត្ដព្រះសីហនុ។ នេះបើតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដូចខាងក្រោម៖

* បន្ដផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

* គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងនៅក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ ត្រូវតែបន្ដផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ

* គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានអាហារ-ភេសជ្ជៈ និងអាជីវករលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវបន្ដផ្អាករាល់ការបម្រើគ្រឿងស្រវឹងជូនភ្ញៀវជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃបន្ថែមទៀត។

ក្នុងករណីប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ អ្នកគ្រប់គ្រងក្រុមហ៊ុន ឬដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្ម ពាក់ព័ន្ធការលក់ដូរគ្រឿងស្រវឹងដូចការរៀបរាប់ខាងលើ មិនអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវទទួលវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ៕