(តាកែវ)៖ រដ្ឋបាលស្រុកត្រាំកក់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បញ្ជាក់អំពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើ២នាក់ប្ដីប្រពន្ធមួយគូរ ដែលប្រពន្ធឈ្មោះ មាស មឿន អាយុ៤០ឆ្នាំ និងប្ដីឈ្មោះ ម៉ៅ ហួយ រស់នៅភូមិសុក្រំ ឃុំអូរសារាយ ស្រុកត្រាំកក់ ជាកម្មករបំរើការងារនៅរោងចក្រ ម៉ាស្ទ័រ & ហ្វ្រែង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ប្ដីឈ្មោះ ម៉ៅ ហួយ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែមេសា ហើយក្រោយទទួលបានព័ត៌មាននេះ មន្ដ្រីសុខាភិបាលបានចុះទៅយកប្រពន្ធឈ្មោះ មាស មឿន ទៅដាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ដើម្បីយកសំណាកទៅពិនិត្យ និងចេញលទ្ធផលវិជ្ជមាន នៅថ្ងៃទី២៨ ខែមេសាម្សិលមិញ។

ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ១៩ខាងលើ ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច និងត្រូវទៅយកសំណាកនៅ មណ្ឌលចត្តាឡីស័កកម្រិត១ បណ្ណាល័យច័ន្ទសោមសែនមង្គល ដែលមានទីតាំងស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់៕