(គុនមីញ-ចិន)៖ ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ បានផ្ទុះឡើងខ្លាំងជាថ្មី ដោយតម្រូវឱ្យប្រទេសជាច្រើន ពង្រឹងវិធានការបង្ការនានាសារជាថ្មី។ កម្ពុជាដែលជា «មិត្តដែកថែប» របស់ចិន ក៏កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ បន្ទាប់ពីផ្ទុះឡើង នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សម្លៀកបំពាក់ការពារ, វែនតាការពារ និងបរិក្ខាពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺជាតម្រូវការចាំសម្រាប់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

ដោយមើលឃើញពីតម្រូវការចាំបាច់នេះ ក្រុមហ៊ុន Shoukang Medical Science and Technology ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញមួយក្នុងខេត្តសានដុង (Shandong) មានមូលដ្ឋានក្នុងទីក្រុង ជីណាន (Jinan) បានធ្វើការឆ្លើយតបភ្លាមៗ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំង COVID-19 នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុននេះតាមរយៈស្ថានកុងស៊ុលកម្ពុជាប្រចាំទីក្រុង Kunming ប្រទេសចិន ផ្តល់ជំនួយដូចជារបាំងមុខការពារ វ៉ែនតាការពារ ស្រោមដៃការពារ សម្លៀកបំពាក់ការពារ និងបរិក្ខាពេទ្យមួយចំនួនទៀត។

អំណោយនេះត្រូវបានស្ថានកុងស៊ុលកម្ពុជាប្រចាំទីក្រុង Kunming ទាក់ទងជាបន្ទាន់ជាមួយជើងហោះហើរដើម្បីដឹកជញ្ជូនពីទីក្រុង Kunming ទៅកាន់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីធានាឱ្យបានថា សម្ភារ ឬបរិក្ខាប្រយុទ្ធប្រឆាំង COVID-19 នានា នឹងអាចទៅដល់ដៃបុគ្គលិកសុខាភិបាលជួរមុខ ឱ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន។

ជំងឺឆ្លងរាតត្បាតមិនមានព្រំដែនឡើយ ហើយនេះ គឺជាការពិត។ លោក Wang Wentian អគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា ធ្លាប់បានិយាយថា
កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 គឺមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ។ ម្យ៉ាងវិញទៀត ក្នុងនាមជា «មិត្តដែកថែប» បើការឆ្លងរាតត្បាត COVID-19 ក្នុងប្រទេសកម្ពុជាមិនបញ្ចប់ទេ នោះការគាំទ្រ និងការផ្ដល់ជំនួយរបស់ចិនដល់កម្ពុជាក៏នឹងមិនបញ្ចប់ដូចគ្នា។

នៅក្នុងសន្និសីទសារព័ត៌មានកាល ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន កម្ពុជា កំពុងប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរបង្កឡើងដោយ COVID-19។ ដូច្នេះក្នុងនាមជា «មិត្តដែកថែប» ចិននឹងប្រឹងប្រែងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា។ ហើយនេះមិនមែនជាគ្រាន់តែជាការឆ្លុះបញ្ចំាង ពីមិត្តភាពពិសេសរវាងកម្ពុជា និងចិននោះទេ ប៉ុន្តែវាក៏បង្ហាញផងដែរ ពីអ្វីដែលចិន និងកម្ពុជាស័ក្តិសម ជាសហគមន៍អនាគតរួមគ្នាផងដែរ។

ក្រុមហ៊ុន Shoukang Medical Science and Technology សន្យាថានឹងបន្តចូលរួមយ៉ាង សកម្មលើកកម្ពស់ស្មារតី នៃក្ដីស្រឡាញ់គ្មានព្រំដែនរបស់ចិន ជាមួយការផ្ដល់នូវជំនួយប្រឆាំង COVID-19 ក្នុងនោះរួមមានបរិក្ខាការពារ និងការបណ្ដុះបណ្ដាលជាដើម៕