(ភ្នំពេញ)៖ រសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ ប៊ែលធី គ្រុប បានរៀបចំសន្និបាតបូកសរុបការងារ ឆ្នាំ២០១៥ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០១៦ ដែលមានការចូលរួមពី គណៈគ្រប់គ្រងបុគ្គលិកសាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់នៃប៊ែលធី គ្រុប ចំនួន ១,៧៤៥នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាពលោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី ។
តាមរបាយការណ៍លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប ទទួលបន្ទុកសាលា ប៊ែលធី អន្តរជាតិ បានឲ្យដឹងថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ បម្រើការ សរុប ១,៧៤៥នាក់ នារី ៧៧៩នាក់ និងមានសិស្ស-និស្សិតកំពុងសិក្សា ៣០,៥៧២នាក់ ក្នុងនោះនារី ១៣,៨០៥នាក់ និងមាន១៩ទីតាំងនៅរាជធានីភ្នំពេញក្នុងនោះ ០១ទីតាំង គឺជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង១៨ទីតាំងទៀត ជាសាលា ប៊ែលធី អន្តរជាតិ ដោយ១៥ទីតាំង កំពុងដំណើរការ និង ០៣ទីតាំងទៀតកំពុងសាងសង់។
ជាលទ្ធផលរួមមាន៖
I. ប៊ែលធីសំណង់ (BELTEI Construction) បច្ចុប្បន្នកំពុងសាងសង់សាលាប៊ែលធីទី១៦ ទី១៧ និងទី១៨។
II. ប៊ែលធីទេសចរណ៍ (BELTEI Tour) បច្ចុប្បន្នមានរថយន្ត ៦គ្រឿង ក្នុងនោះ៤៥កៅអី ០២គ្រឿង ២៥កៅអី ០២គ្រឿង និង១៥កៅអី ០២គ្រឿង។ ជាលទ្ធផលមានភ្ញៀវទេសចរណ៍ចំនួន ៦,៨៣២នាក់ ក្នុងនោះ ទេសចរណ៍ក្នុងប្រទេស ចំនួន ៤,៩៨១នាក់ និងក្រៅប្រទេស ចំនួន ១,៨៥១នាក់។
III. ប៊ែលធីអប់រំ (BELTEI Education) ១-សាលា ប៊ែលធី អន្តរជាតិ ២-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ៣-ប៊ែលធីទំនាក់ទំនងអន្តរជាតិ
១-សាលា ប៊ែលធី អន្តរជាតិ៖ ជាលទ្ធផលគិតត្រឹមថ្ងែទី០១ ខែមករា ឆ្នាំ២០១៦ សិស្សបញ្ចប់ការសិក្សាសរុបចំនួន ១៧,៦០០ នាក់(នារី ៨,៧៧១នាក់) ក្នុងនោះបានចែកចេញជា៖
•សិស្សចំណេះទូទៅ (ថ្នាក់ទី១២) ចំនួន ៦,០០៨ នាក់ (នារី ២,៦៥៤នាក់)
•សិស្សភាសាអង់គ្លេសបានប្រឡងបញ្ចប់កម្រិតទី១២ (Level 12) ចំនួន ៤,៣០២ នាក់ (នារី ២,៩៨៦ នាក់)
•សិស្សវគ្គខ្លីកុំព្យូទ័រ ចំនួន ៦,៨៤១ នាក់ (នារី ២,៩១០ នាក់)
•សិស្សប្រឡងតេស្តអន្តរជាតិចំនួន ៤៤៩ នាក់ (នារី ២២១ នាក់)
២-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ៖ ជាលទ្ធផលនិស្សិតដែលបានប្រឡងបញ្ចប់ទាំង ៨ជំនាន់៩០៧នាក់ នារី ៣៨១នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រមាន៨៦៤នាក់ និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន៤៣នាក់។
៣-ប៊ែលធីទំនាក់ទំនងអន្តរជាតិជាលទ្ធផល៖ យើងបានបញ្ជូននិស្សិតចំនួន ៤១នាក់ ទៅសិក្សានៅឯក្រៅប្រទេសរួមមាន៖ ចក្រភពអង់គ្លេសចំនួន ១១នាក់ ប្រទេសសិង្ហបុរី ចំនួន ២៩នាក់ និងសាធារណរដ្ឋប្រជាមានិតចិនចំនួន ០១នាក់ ។
- ទិសដៅ និងផែនការយុទ្ធសាស្រ្តរបស់ប៊ែលធី គ្រុប ទៅអនាគត
ដើម្បីឲ្យសម្រេចបាននូវគោលដៅ ស្របតាមបាវនា «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌» ប៊ែលធី គ្រុប បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តរបស់ខ្លួន សម្រាប់ឆ្នាំ២០១៦មានដូចតទៅ៖
1. ពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់
2. ពង្រឹងការរៀន និងបង្រៀនថ្នាក់ចំណេះទូទៅគ្រប់ថ្នាក់ពិសេសថ្នាក់ទី១២ ដើម្បីឲ្យសិស្សប្រឡងជាប់បាក់ឌុបពី ៨០%ទៅ៩០% ។
3. ពង្រឹងការរៀន និងបង្រៀនថ្នាក់ភាសាអង់គ្លេសគ្រប់កម្រិត សិស្សបញ្ចប់ Level 12 ត្រូវទទួលបានពិន្ទុតេស្តអន្តរជាតិ IELTS 5.5 ឡើងទៅ
4. និស្សិតសាកលវិទ្យាល័យពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនឹងត្រូវទទួលបានពិន្ទុតេស្តអន្តរជាតិ IELTS 6.5 ឡើងទៅ
5. ពង្រឹងកម្មវិធីបង្កើនចំណេះដឹងទូទៅ លើកម្មវិធីសិក្សាបន្ថែម (Extra-Curricular Courses) ដោយអញ្ជើញវាគ្មិនដែលមានជំនាញមកធ្វើបទឧទ្ទេសនាមលើប្រធានបទសំខាន់ៗ ដើម្បីឲ្យសិស្ស-និស្សិតទទួលបានចំណេះដឹងបន្ថែមទៀតលើចំណេះដឹងដែលបានរៀនពីក្នុងសាលា។
6. លើកកម្ពស់កម្មវិធីពង្រឹងស្មារតី (Mental Improvement Program) តាមរយៈកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ (Public Speaking Contest) ជាភាសាខ្មែរ និងកម្មវិធីការប្រកួតប្រជែងនិយាយភាសាអង់គ្លេស (English Speaking Contest)
7. ពង្រឹងកម្មវិធីទស្សនកិច្ចសិក្សា (Field Trip) ទាំងសាលា និងសាកលវិទ្យាល័យ
8. ពង្រឹងការហ្វឹកហ្វាត់ និងបណ្តុះបណ្តាល ដល់បុគ្គលិកគ្រប់ផ្នែក (on the job training)
9. រៀបចំផ្លាស់ប្តូរ និងកែលម្អសម្ភារៈឧបទេសក្នុងថ្នាក់ (Class Decoration) ឲ្យបានត្រឹមត្រូវ តាមស្តង់ដារតែមួយ (BELTEI Standard)
10. ខិតខំពង្រឹងនិងសេវារបស់ប៊ែលធីទេសចរណ៍៖ ១-ដំណើរកំសាន្តក្នុងប្រទេស ២- កម្មវិធីនាំភ្ញៀវពីក្រៅប្រទេសមកទស្សនានៅកម្ពុជា ៣- កម្មវិធីនាំភ្ញៀវពីប្រទេសកម្ពុជា ទៅទស្សនាក្រៅប្រទេស និងសេវាផ្សេងៗទៀត ឲ្យកាន់តែល្អប្រសើរ ឡើងថែមទៀត
11. ពង្រីកគោលដៅទេសចរណ៍សំខាន់ៗក្នុង និងក្រៅប្រទេសបន្ថែមទៀត ស្របតាមតម្រូវការរបស់អតិថិជន
ឆ្លៀតក្នុងឱកាសនោះដែរ លោក លី ឆេង បានថ្លែងនូវការកោតសរសើរ និងសូមថ្លែងអំណរគុណ ចំពោះគណៈគ្រប់គ្រងបុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ នៃប៊ែលធី គ្រុបទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងចិត្ត កម្លាំងកាយ ក្នុងការបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន អនុវត្តតាមគោលការណ៍ថ្នាក់លើ ដែលបានដាក់ចុះ និងពង្រឹងវិន័យបានយ៉ាងល្អ ដែលធ្វើឲ្យ ប៊ែលធី គ្រុប រីកចម្រើនដូចពេលនេះ។
បន្ទាប់មក លោកប្រធានគណៈអធិបតី និងលោកស្រី ក៏បានប្រគល់លិខិតតែងតាំងដល់ថ្នាក់ដឹកនាំប៊ែលធី ប្រគល់ប័ណ្ណអាហារូបករណ៍ ១០០% ដល់បុគ្គលិកបម្រើការងារ ១០ឆ្នាំ ប្រគល់លិខិតសរសើរ និងរង្វាន់លើកទឹកចិត្តជូនដល់លោកគ្រូ ដែលមានស្នាដៃល្អក្នុងការបង្រៀន សិស្សពូកែរាជធានីភ្នំពេញ ថ្នាក់ទី៩ ចំនួន ០៧នាក់ និងនិទ្ទេស A ចំនួន ៤២នាក់ នាពេលនោះផងដែរ ៕