(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានព្រមានពីបញ្ហាមួយចំនួន និងបញ្ជាអាជ្ញាធរពាក់ព័ន្ធត្រូវក្តាប់ស្ថិតិកម្មករ យោជិត ពាក់ព័ន្ធការចូលរួមផ្តល់សំណាកដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩។ បើសិនឃើញថា មានកម្មករណា ឬអ្នកជំងឺណាទៅទិញថ្នាំពីគ្លីនិកឯកជន ឬឱសថស្ថាននានា នៅក្នុងមូលដ្ឋានរៀងៗខ្លួន ហើយរកឃើញថាមានអ្នកជំងឺកូវីដ១៩, គ្លីនិក ឬឱសថស្ថាននោះ នឹងត្រូវបិទភ្លាមតែម្តង រីឯរោងចក្រក៏ដូច្នោះដែរ គឺត្រូវបិទជាបណ្តោះអាសន្នផងដែរ។

ការបញ្ជាបែបនេះរបស់អភិបាលខេត្តកណ្ដាល បានធ្វើឡើងក្នុងឱកាសលោក បានដឹកនាំក្រុមមន្រ្តីចុះក្ដាប់ស្ថានការណ៍ និងជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរស្រុក កំពុងឈរជើងប្រចាំការនៅ រោងចក្រម៉ាស្ទ័រ & ហ្វ្រេង ដែលត្រូវបានប្រែក្លាយជាទីកន្លែង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាមណ្ឌលចត្តាឡីស័ក សម្រាប់អ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ទាំងពាក់កណ្ដាលយប់យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បានបន្តដឹកនាំកិច្ចប្រជុំ ដាក់ផែនការដល់ក្រុមការងារពាក់ព័ន្ធបន្តយកចិត្តទុកដាក់ក្នុងការពន្លឿនការយកសំណាក បងប្អូនកម្មករ និយោជិត គ្រប់រោចក្រទាំងអស់ នៅក្នុងមូលដ្ឋាន ស្រុកអង្គស្នួល និងបន្តគ្រប់គ្រងកំណត់មុខសញ្ញាអ្នកសង្ស័យពាក់ព័ន្ធផ្ទាល់យកសំណាកធ្វើតេស្ត និងនាំយកមកធ្វើចត្តាឡីស័កនៅ ទីតាំងមណ្ឌល រីឯអ្នកពាក់ព័ន្ធប្រយោល ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយមានការការពារគ្រប់គ្រង ឃ្លាំមើលពីកម្លាំងសមត្ថកិច្ច និងប្រជាការពារឱ្យបានម៉ត់ចត់ ជាងនេះទៅទៀត។

លោក គង់ សោភ័ណ្ឌ បានបន្តថា អាជ្ញាធរក៏ត្រូវតែប្រមូលយកក្រុមអ្នកបើកបររថយន្តដឹកកម្មករ និងបុគ្គលិកផ្នែកអនាម័យ ធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ បើពួកមិនចូលរួមសហការជាមួយអាជ្ញាធរនោះទេ និងមិនអនុញ្ញាតឱ្យពួកគាត់បន្ត ប្រកបរបរនេះបន្តទៀតបានទេ។

គួរជម្រាបថា កម្មការនីរោងចក្រស្តារម៉ាស្ទ័រ & ហ្រ្វេង រកឃើញកម្មការិនី ២៣២នាក់ មានវិជ្ជមានកូវីដ១៩។ រោងចក្រដែលពាក់ព័ន្ធនឹងបញ្ហានេះមានចំនួន៥រោងចក្រផ្សេងទៀត មានកម្មករ-កម្មការនីខ្ទង់ម៉ឺននាក់ឯណោះ ដែលជាទីបារម្ភ ហើយរោងចក្រសរុបទាំងអស់នៅស្រុកអង្គស្នួល មានចំនួន ១១៦រោងចក្រ និងមានកម្មករ-កម្មការិនីធ្វើការជាង ៦ម៉ឺននាក់ ក៏ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដោយសារពួកគាត់ជិះឡានទៅផ្ទះ និងមកធ្វើការឡូកឡំគ្នាជាមួយអ្នកកើតកូវីដ១៩៕